មេ NATO ជំរុញ​ឱ្យ​សម្ព័ន្ធ​មិត្ត បញ្ជូន​ប្រព័ន្ធការពារដែនអាកាស​បន្ថែម ​ទៅជួយ​អ៊ុយក្រែន​

អន្តរជាតិះ – ស្រប​ពេល​រុស្ស៊ី នៅតែបន្តវាយ​ប្រហារទី​ក្រុង​កៀវ​យ៉ាង​ខ្លាំង​ក្លា​រាល់ថ្ងៃ ​ដោយប្រើប្រាស់​ដ្រូន និងមីស៊ីល​ផ្លោង​រាប់រយគ្រាប់ ​កាល​ពី​ថ្ងៃ​ពុធ​ ខែតុលា ប្រមុខ​ណាតូ(NATO) លោក Mark Rutte បាន​ជំរុញឱ្យបណ្តា​ប្រទេសជា​សមាជិកអង្គការ​ណាតូ​ បង្កើន​ជំនួយយោធា​ដល់អ៊ុយក្រែន ​ជាពិសេស​គឺប្រព័ន្ធការពារដែន​អាកាស​។​

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមសារព័ត៌មាន Yahoo ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេលេន​ស្គី​ បាន​ថ្លែងថា មនុស្សជាង ​៦០០ ០០០នាក់​ នៅទូទាំងប្រទេស​អ៊ុយក្រែន បានជួបប្រទះ​ការដាច់​ចរន្តអគ្គិសនី​កាលពីថ្ងៃពុធ បន្ទាប់​ពីការវាយប្រហារ​ដ៏សាហាវរបស់រុស្ស៊ី​។​

– លោក Rutte ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ នៅទីក្រុង Tallinn ជា​មួយនាយករដ្ឋ​មន្ត្រីអេស្តូនី គឺ លោក Kristan Michal ថា៖ «​ដោយសារ​រដូវរងា​ កំពុងខិតជិត​មកដល់ ហើយការ​ឈ្លានពានរបស់​រុស្ស៊ី​ នៅតែបន្តដោយ​មិនមានសញ្ញាថមថយ​នោះ ប្រទេសសម្ព័ន្ធមិត្ត​ ចាំបាច់ត្រូវ​​គាំទ្រ​ឱ្យបាន​កាន់តែច្រើន ជាពិសេស​គឺការ​គាំទ្រ​លើ​ប្រព័ន្ធការពារ​ដែនអាកាស​»។

– ប្រមុខ​អង្គការណាតូ​នឹងជួប​ជាមួយប្រធានាធិបតីអ៊ុយក្រែន​ នៅទីក្រុង​ព្រុចសែល​នៅ​ថ្ងៃព្រហស្បតិ៍ ក្រៅកិច្ចប្រជុំ​កំពូលសហភាពអឺរ៉ុប​របស់​មេដឹកនាំ​អឺរ៉ុប។ នេះបើយោងតាម​ការបញ្ជាក់របស់​សារព័ត៌មាន​​ Euronews​​ នៅ​ថ្ងៃ​ទី​១៤ ខែ​តុលា ឆ្នាំ​២០២៦ ។

– អ្នក​ទាំងពីរ​ កំពុងជួបគ្នា​ក្នុងស្ថានភាពតានតឹងខ្លាំង​រវាងសហរដ្ឋអាមេរិក​ និងអ៊ុយក្រែន ជុំវិញ​ការកំណត់គោលដៅ​របស់ទីក្រុងកៀវ​លើហេដ្ឋារចនា​សម្ព័ន្ធប្រេង​ម៉ាស៊ូត​របស់រុស្ស៊ី។

– ប្រធានាធិបតី​អាមេរិក លោក ដូណាល់​ ត្រាំ​ បាន​គំរាមកាត់ផ្តាច់ការ​ចែក​រំលែកព័ត៌មានស៊ើប​ការណ៍សម្ងាត់​សំខាន់ៗលើការវាយប្រហារ​ដោយមីស៊ីលផ្លោង​ជាមួយ​ទីក្រុងកៀវ​ ជុំវិញ​ការកំណត់គោល​ដៅ​ជាបន្ត​បន្ទាប់​របស់អ៊ុយក្រែនលើ​ហេដ្ឋារចនាសម្ព័ន្ធ​ប្រេងម៉ាស៊ូតរបស់រុស្ស៊ី។

– គួរ​បញ្ជាក់​ថា ឧស្ម័ន និងប្រេងគឺ​ជាទ្រព្យសម្បត្តិសំខាន់​បំផុតរបស់រុស្ស៊ី ដោយ​ផ្តល់​ឱ្យវិមានក្រឹមឡាំង​បន្តសង្គ្រាមរបស់ខ្លួន​ប្រឆាំងនឹង​អ៊ុយក្រែន​​៕

You might like