អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ដុល្លារក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈទីផ្សារកំពុងថ្លឹងថ្លែងហានិភ័យផ្នែកផ្គត់ផ្គង់ប្រេងពីការវាយប្រហារលើនាវាដឹកទំនិញនៅច្រកសមុទ្រហ័រមូហ្ស និងវិធានការរបស់សហរដ្ឋអាមេរិកក្នុងការបន្ធូរទណ្ឌកម្មលើនាវាដឹកប្រេង ដើម្បីជួយកាត់បន្ថយថ្លៃដឹកជញ្ជូនប្រេង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
– តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៣៩ ដុល្លារ ឬ ១,៣១% មកនៅត្រឹម ១០៤,៦៧ ដុល្លារ/បារ៉ែល ខណៈប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ១,០២ ដុល្លារ ឬ ១,០៧% មកនៅត្រឹម ៩៤,០៧ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ ព្រឹកនៅទីក្រុងហុងកុង។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ស្ថានការណ៍សន្តិសុខនៅច្រកសមុទ្រហ័រមូហ្ស នៅតែជាកត្តាសំខាន់ក្នុងការកំណត់តម្លៃជួញដូរ។ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមក នាវាកុងតឺន័រមួយគ្រឿង និងនាវាដឹកទំនិញស្ងួតមួយគ្រឿងបានលិច បន្ទាប់ពីរងការវាយប្រហារដោយគ្រាប់ផ្លោងក្នុងហេតុការណ៍ ២ ផ្សេងគ្នា។ ការវាយប្រហារនៅតំបន់នេះកាន់តែតានតឹងក្នុងរយៈពេលប្រហែល ១០ ថ្ងៃចុងក្រោយ ដែលបង្កើនហានិភ័យដល់ការដឹកជញ្ជូនប្រេង និងទំនិញតាមសមុទ្រ។
– យ៉ាងណាមិញ រដ្ឋបាលសហរដ្ឋអាមេរិកកំពុងពិចារណាបន្ធូរទណ្ឌកម្មលើនាវាដែលធ្លាប់ដឹកប្រេងពីប្រទេសដូចជា រុស្ស៊ី អ៊ីរ៉ង់ និងវ៉េណេស៊ុយអេឡា។ វិធានការនេះមានគោលបំណងអនុញ្ញាតឱ្យប្រេងអាចបន្តហូរចូលទីផ្សារបាន និងជួយបន្ធូរសម្ពាធលើថ្លៃដឹកជញ្ជូនប្រេង ដែលបានកើនឡើងខ្ពស់ដោយសារសង្គ្រាមនៅអ៊ីរ៉ង់ និងការរំខានដល់ការដឹកជញ្ជូនតាមសមុទ្រ។
– អ្នកវិភាគក៏បានលើកឡើងផងដែរថា ការបង្កើនផលិតកម្ម និងការនាំចេញប្រេងពីរុស្ស៊ី និងប្រទេសមួយចំនួននៅមជ្ឈិមបូព៌ា បានជួយទប់ស្កាត់ការកើនឡើងខ្លាំងនៃតម្លៃប្រេង។ ទិន្នន័យពីទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បង្ហាញថា ផលិតកម្មប្រេងឆៅរបស់រុស្ស៊ីបានកើនឡើង ៦៥ ០០០ បារ៉ែល/ថ្ងៃ ក្នុងខែកញ្ញា ដល់ ៨,៤៣ លានបារ៉ែល/ថ្ងៃ។ ចំណែកការនាំចេញប្រេងឆៅពីប្រទេសផលិតប្រេងនៅតំបន់ឈូងសមុទ្រពែរ្ស បានកើនឡើង ៤,៤ លានបារ៉ែល/ថ្ងៃ ដោយស្ដារឡើងដល់ប្រហែល ៧៥% នៃកម្រិតមុនសង្គ្រាម។
– នៅសហរដ្ឋអាមេរិក ស្តុកប្រេងឆៅបានធ្លាក់ចុះ ១១,១ លានបារ៉ែល ក្នុងសប្តាហ៍ដែលបញ្ចប់ត្រឹមថ្ងៃទី៩ ខែតុលា ខណៈស្តុកប្រេងសាំងបានកើនឡើង។ ការធ្លាក់ចុះនៃស្តុកប្រេងឆៅនេះមានទំហំធំជាងការរំពឹងទុករបស់អ្នកវិភាគ។ អ្នកជំនាញបានលើកឡើងថា ការធ្លាក់ចុះនៃស្តុកប្រេងឆៅអាមេរិកគួរតែជាកត្តាជំរុញតម្លៃប្រេង ប៉ុន្តែការមិនមានប្រតិកម្មខ្លាំងពីទីផ្សារបង្ហាញថា វិនិយោគិននៅតែមានការប្រុងប្រយ័ត្ន និងមិនចង់ប្រញាប់ប្រញាល់ទិញប្រេងក្នុងតម្លៃខ្ពស់នាពេលបច្ចុប្បន្ន៕

