អន្តរជាតិះ – វិបត្តិភ្លើងឆេះព្រៃដ៏សាហាវនៅឥណ្ឌូណេស៊ី មិនមែនជះឥទ្ធិពល ត្រឹមក្នុងប្រទេសនេះប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្កផលអាក្រក់ដល់តំបន់ទាំងមូល ជាពិសេសប៉ះពាល់ដល់សុខភាពមនុស្ស ថែមទាំងបង្ខំឱ្យសាលារៀននៅប្រទេសមួយចំនួន បិទទ្វារ ផ្អាកការសិក្សាក្នុងថ្នាក់ បែរមករៀនតាមអនឡាញវិញផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជាក់ស្តែង ពេលនេះមានប្រទេសមួយទៀតហើយ នៅអាស៊ីអាគ្នេយ៍ដែលត្រូវបង្ខំចិត្ត បិទសាលាព្រោះផ្សែងអ័ព្ទពុល នោះគឺ ទីម័រខាងកើត ដែលនឹងចាប់អនុវត្តវិធានការនេះ ពីថ្ងៃព្រហស្បតិ៍ទៅ។
– យោងតាមសេចក្តីប្រកាសរបស់ក្រសួងអប់រំ ទីម័រខាងកើត ដែលដកស្រង់ផ្សាយដោយគេហទំព័រ Indo Premier កាលពីថ្ងៃពុធ ទី១៤ ខែតុលា ឆ្នាំ២០២៦, ការបិទសាលារៀនទូទាំងប្រទេសនេះ គឺជា «វិធានការបង្ការជាមុន ដើម្បីការពារសុខភាពរបស់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងសមាជិកសហគមន៍អប់រំ ព្រោះស្ថានភាពគុណភាពខ្យល់នាពេលបច្ចុប្បន្ន កាន់តែយ៉ាប់យ៉ឺនទៅៗ»។
– ក្នុងសេចក្តីប្រកាសនោះដែរ បានបញ្ជាក់ថា វិធានការនេះ នឹងមានរយៈពេលត្រឹម ៣ថ្ងៃប៉ុណ្ណោះ ប៉ុន្តែការបិទអាចបន្តទៀត អាស្រ័យលើស្ថានភាពជាក់ស្តែង។
– ចំណាត់ការរបស់ទីម័រ កើតឡើងបន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយទៀត គឺម៉ាឡេស៊ី ក៏ត្រូវបង្ខំចិត្តបិទសាលារៀន ផងដែរ ដែលធ្វើឱ្យប៉ះពាល់ដល់សិស្សានុសិស្ស ជាង ២លាននាក់ ព្រោះខែខ្យល់ពុលដ៏គ្រោះថ្នាក់ បង្កឡើងដោយភ្លើងឆេះព្រៃនៅ ឥណ្ឌូណេស៊ី។
– រដ្ឋមន្ត្រីក្រសួងអប់រំលោកស្រី Fadhlina Sidek បញ្ជាក់ថា សាលាជាច្រើនត្រូវបិទ នៅក្នុងរដ្ឋ Johor, Melaka, Negeri Sembilan, Selangor និងតំបន់ផ្សេងៗទៀត រួមទាំងទីក្រុង Kuala Lumpur និង Putrajaya ផងដែរ។
– បើតាមការផ្សាយរបស់ BBC កាលពីថ្ងៃសុក្រ សប្តាហ៍មុន, ការបិទសាលា កើតឡើងស្របពេលសន្ទស្សន៍ការបំពុលខ្យល់ (API) បានកើនឡើងលើសពី ១៥០ ដែលជាកម្រិត មិនល្អសម្រាប់ក្រុមជនងាយរងគ្រោះ ជាពិសេសកុមារ មនុស្សចាស់ និងអ្នកមានជំងឺប្រចាំកាយ។
– ជុំវិញវិបត្តិភ្លើងឆេះព្រៃនេះដែរ ឥណ្ឌូណេស៊ី បានប្រាប់ហើយថា ខ្លួនទំនងមិនបដិសេធឡើយ បើមានប្រទេសណា ចង់មកជួយពន្លត់អគ្គិភ័យ ខណៈប្រតិបត្តិការ អាចចាយពេលយ៉ាងតិច ក៏មួយខែដែរ។
– ប្រតិបត្តិការពន្លត់ភ្លើងឆេះព្រៃនៅឥណ្ឌូណេស៊ី កំពុងជួបការលំបាកខ្លាំង ព្រោះតែក្រុមពន្លត់ភ្លើង ត្រូវប្រឈមមុខនឹងសត្វព្រៃដ៏សាហាវៗ ដូចជាពស់ និងក្រពើ ខណៈសម្រាប់ប្រតិបត្តិការលើអាកាសឯណោះ ឧទ្ធម្ភាគចក្រពន្លត់អគ្គិភ័យ ក៏មិនអាចហោះមើលអ្វីឃើញដែរ ព្រោះតែផ្សែងហុយខ្មួលខ្មាញ់ខ្លាំងពេក៕
