លោក ត្រាំ​ និង​ លោក ណេតាន់​យ៉ាហ៊ូ​ គ្រោង​​វាយ​ប្រហារ​អ៊ីរ៉ង់​ មុនពេល​បោះឆ្នោត ទោះបី​សេតវិមាន​បដិសេធ

អន្តរជាតិះ – ស្រប​ពេល​ការ​បោះ​ឆ្នោតរបស់​សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល​ ខិត​ជិត​មក​ដល់​ ស្រាប់តែមាន​របាយការណ៍ចេញផ្សាយថា ប្រធានា​ធិបតី​សហរដ្ឋ​​អាមេរិក លោក ដូណាល់ ត្រាំ និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក បេន​ចាមីន ណេតាន់​យ៉ាហ៊ូ បាន​ពិភាក្សាគ្នា​អំពីការ​ចាប់​ផ្តើមប្រតិបត្តិការយោធា​​ថ្មីដ៏សំខាន់​មួយប្រឆាំង​នឹងអ៊ីរ៉ង់។

– យោងតាម​សេច​ក្តី​​រាយ​​ការ​ណ៍​របស់​គេហទំព័រ​ព័ត៌មាន Axios ​ដែលបានចេញ​ផ្សាយ​ កាលពីថ្ងៃអង្គារ​ ទី​១៣ ខែ​តុលា ឆ្នាំ​២០២៦​ និងបានដកស្រង់​សម្តីមន្ត្រី​អាមេរិកពីររូប និងប្រភពផ្សេងទៀត ការ​ពិភាក្សាគ្នានេះ​ បានកើតឡើង​ មុនពេលលោក ត្រាំ ​ប្រកាស​ជាសាធារណៈថា ​លោកនឹងមិនវាយ​ប្រហារអ៊ីរ៉ង់​មុនពេលការ​បោះឆ្នោត​ពាក់កណ្តាលអាណត្តិរបស់​សហរដ្ឋអាមេរិកទេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដោយ​ឡែក​ លោក ណេតាន់យ៉ាហ៊ូ បាន​លើកឡើងពីចារកម្មអ៊ីស្រាអែល​ ​ដែលបានរកឃើញថា អ៊ីរ៉ង់​កំពុង​កសាងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន​​ឡើង​វិញ រួមទាំង​ការដំណើរការ​ទីតាំង Pickaxe Mountain សម្រាប់ការចម្រាញ់​សារធាតុអ៊ុយរ៉ាញ៉ូម។

– ប៉ុន្តែ​ មន្ត្រី​សេតវិមានម្នាក់បាន​​ឆ្លើយ​តប​ថា ជា​រឿង​មិនពិត ដែលមេដឹកនាំ​ទាំងពីរបាន​ពិភាក្សាអំពីការ​បន្តសង្គ្រាមឡើងវិញ ដោយអះអាងថា ​លោក ត្រាំ បានច្រានចោល​ការវាយប្រហារ​មុនការ​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​ នៅខែ​វិច្ឆិកា។

– ប្រភពជាច្រើន ​បានឱ្យដឹងថា កងទ័ព​នៃ​ភាគីទាំងពីរ​ នៅតែរក្សាការប្រុងជើងការ​ខ្ពស់ និងកំពុងបញ្ចប់​ការត្រៀមរៀប​ចំ​សម្រាប់ករណី ​លោក ត្រាំ ​ផ្លាស់ប្តូរផែនការ។

– ជាមួយគ្នានេះ មន្ត្រីអាមេរិកម្នាក់ បាន​ពណ៌នា​ជំហររបស់​លោក ត្រាំ ថា ជាជំហរមិន​ទាន់សម្រេចចិត្ត​ច្បាស់លាស់ ដោយបញ្ជាក់ថា លោក​ បានប្រាប់លោក ​ណេតាន់យ៉ាហ៊ូ ឱ្យត្រៀមខ្លួន ប៉ុន្តែមិន​ផ្តល់ការសន្យាអ្វី​នោះ​ទេ។

– មិន​តែ​ប៉ុណ្ណោះ រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក Pete Hegseth និងថ្នាក់ដឹកនាំនៃ​បញ្ជាការដ្ឋានកណ្តា​លអាមេរិក គឺជាអ្នកគាំទ្រយ៉ាង​ខ្លាំង​ក្លាឱ្យ​មានការវាយប្រហារឡើងវិញ ខណៈ​ទីប្រឹក្សា​ភាគច្រើនពេញចិត្ត​នឹងការបន្ត​ដាក់ទណ្ឌកម្ម និងការដាក់សម្ពាធផ្នែក​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់​។

– សេចក្តីរាយការណ៍​មួយ​បន្ថែម​​ថា អគ្គសេនាធិការកង​ទ័ពអ៊ីស្រាអែល លោក​ Eyal Zamir បានប្រាប់​ប្រធានគណៈអគ្គសេនាធិការចម្រុះអាមេរិក ​លោក Dan Caine ថា ការប្រយុទ្ធគ្នា​ក្នុងរយៈពេលបីសប្តាហ៍​ខាងមុខ អាចបង្ខំឱ្យ​មានការលើក​ពេល​បោះឆ្នោតរបស់អ៊ីស្រាអែល​ គ្រោងធ្វើនៅ​ថ្ងៃទី២៧ ខែតុលា ដោយសារតែ​លទ្ធភាពនៃការសងសឹកដោយ​មីស៊ីលពីសំណាក់អ៊ីរ៉ង់៕

 

You might like