សៀមរាបះ – នៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានដឹកនាំក្រុមការងារ ជំនាញចរាចរណ៍ និងព្រហ្មទណ្ឌ ចុះពិនិត្យទីតាំង ដែលកើតមានគ្រោះថ្នាក់ចរាចរណ៍ នៅលើផ្លូវបេតុង ក្រោយភូមិវប្បធម៌ចាស់ ស្ថិតនៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប កាលពីចន្លោះម៉ោង០១ ដល់ម៉ោង២ៈ៣០ នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ បណ្តាលអោយបុរសម្នាក់ជាជនជាតិឥណ្ឌា ឈ្មោះ SINGH BAIJNATH ភេទប្រុស មុខរបរលក់មុង ស្លាប់ដោយសារមានស្នាមរងរបួសផ្នែក ក ធ្ងន់ធ្ងរ និងមានបាក់ឆ្អឹងកំភួនដៃផ្នែកខាងស្តាំ និងឆ្អឹងដងកាំបិត ផ្នែកខាងស្តាំ ផងដែរ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– សូមជម្រាបថា នៅកន្លែងកើតហេតុ មន្ត្រីនគរបាលជំនាញឃើញមាន ម៉ូតូ១ គ្រឿង ម៉ាក Honda PCX ពណ៌ស ស៊េរីឆ្នាំ២០១៤ ពាក់ផ្លាកលេខ ភ្នំពេញ 1IG-5001 (បែកអាវ និងខូចខាតផ្នែកខាងឆ្វេង), ស្បែកជើង១ គូ, ទូរស័ព្ទដៃ១ គ្រឿង ម៉ាក Iphone បន្ទះដែកមួយដុំជាបំណែកម៉ូតូរបស់ជនរងគ្រោះ (ជាកម្មសិទ្ធិជនរងគ្រោះ) និងកញ្ចក់ផាសអាប់១ ចំហៀង ផ្នែកខាងស្ដាំ បន្សល់ទុក្ខ នៅបរិវេណកន្លែងកើតហេតុ ។
– តាមការបំភ្លឺពីមិត្តភក្ដិរបស់ជនរងគ្រោះ ចំនួន០២ នាក់ បានអោយដឹងថា បន្ទាប់ពីផឹកស្រាបៀរ អស់ម្នាក់៣ កំប៉ុង ក្នុងភោជនីយដ្ឋានមួយកន្លែង ម្តុំផ្លូវកេសរកូល នៅវេលាម៉ោង១២ៈ១៦នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែឆ្នាំដដែល ជនរងគ្រោះ បានប្រាប់ឱ្យមិត្តភក្តិចំនួន០២នាក់អោយនៅចាំខ្លួន ដោយគាត់ជិះម៉ូតូម៉ាក HONDA PCX ចេញទៅយកមិត្តស្រី តែក្រោយពីរង់ចាំជាង៤០នាទី មិនឃើញជនរងគ្រោះត្រឡប់មកវិញ ពួកគាត់ក៏បានទូរស័ព្ទ ទៅរកជនរងគ្រោះជាច្រើនដង ប៉ុន្តែមិនមានអ្នកឆ្លើយតបសោះ លុះដល់វេលាម៉ោងប្រហែល២ៈ៣០នាទីរំលងអាធ្រាត្រថ្ងៃខែឆ្នាំដដែល មិត្តភក្ដិទាំង០២នាក់នេះ ក៏សម្រចចិត្តជិះម៉ូតូត្រឡប់ទៅគេងនៅបន្ទប់ជួលក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែវិញ ពេលជិះដល់ត្រង់ចំណុច ផ្លូវបេមិនស្គាល់ឈ្មោះភូមិ ស្រាប់តែឃើញមានរថយន្តសង្គ្រោះ និងសមត្ថកិច្ចជាច្រើននាក់កំពុងពិនិត្យកន្លែងកើតហេតុ ពួកគាត់ក៏បានឈប់ម៉ូតូចូលទៅមើល ទើបដឹងថាជនរងគ្រោះ ឈ្មោះ SINGH BAIJNATH ជាមិត្តភក្តិរបស់ខ្លួនបានស្លាប់បាត់ហើយ ។
– យោងតាមការពិនិត្យវីដេអូពីកាមេរ៉ាសុវត្ថិភាពនៅតាមតម្រាយផ្លូវធ្វើដំណើរ មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ឯង ក្នុងទិសដៅពីទិសខាងកើតទៅទិសខាងលិច ក្នុងល្បឿនលឿន។ បន្ទាប់ពីបានធ្វើការពិនិត្យកោសល្យវិច័យលលើសាកសពយោងតាមចម្លើយបំភ្លឺ របស់មិត្តភក្ដិជនរងគ្រោះ ក៏ដូចជាទិន្នន័យ ពីកាមេរ៉ាសុវត្ថិភាព ករណីខាងលើនេះ មន្ត្រីនគរបាលជំនាញ និងក្រុមគ្រូពេទ្យ បានសន្និដ្ឋាន ជាបឋមថា ស្លាប់ដោយសារ គ្រោះថ្នាក់ចរាចរណ៍ ។

