កំពង់ចាមះ- សមត្ថកិច្ច ឃាត់ខ្លួនជនដៃដល់ម្នាក់ដែលវាយសម្លាប់ស្ត្រីម្នាក់ រួចចាក់បេតុងកប់ដីបិទបាំងបទល្មើស នៅស្រុកចំការលើ ខេត្តកំពង់ចាម កាលពីវេលាម៉ោង ១១ និង ៣០ នាទីព្រឹក ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៦ នៅចំណុចភូមិស្រែជីពៅ ឃុំមានជ័យ ស្រុកសំឡូត ខេត្តបាត់ដំបង ក្រោយកម្លាំងជំនាញធ្វើការស្រាវជ្រាវតាំងពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជនសង្ស័យឈ្មោះ ថៃ ម៉េងលី ហៅ បូ ភេទប្រុស អាយុ ៣២ ឆ្នាំ រស់នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
– យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា បងស្រីបង្កើតរបស់ជនរងគ្រោះបានរាយការណ៍ថា ប្អូនស្រីរបស់គាត់បានបាត់ខ្លួន បន្ទាប់ពីជិះម៉ូតូ Honda Dream C125 ជាមួយជនសង្ស័យម្នាក់ កាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២៦។ លុះដល់វេលាម៉ោង ៥ ល្ងាច ថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ សមត្ថកិច្ច និង សាច់ញាតិ បានស្វែងរកឃើញសាកសពជនរងគ្រោះកប់ក្រោមបេតុង នៅក្នុងដីចម្ការដំឡូងក្រោយផ្ទះរបស់ម្តាយជនសង្ស័យ ស្ថិតក្នុងភូមិបុសថ្លាន់ ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
– ប្រភពដដែល បន្តថា សាកសពមានស្នាមផុងលលាដ៍ក្បាលចំនួន ២ កន្លែង និង បាត់បង់សម្ភារៈមានតម្លៃរួមមាន ៖ ខ្សែដៃប្លាទីន ៥ ជី , ខ្សែ ក ប្លាទីន ៣ ជី និង ប្រាក់ប្រហែល ១ លានរៀល បានបាត់អស់ទាំងស្រុង។
– បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានកម្លាំងជំនាញបញ្ជូនខ្លួនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

