អន្តរជាតិះ – រដ្ឋាភិបាលទីក្រុងប៉ារីស កាន់តែក្រពុលមុខ ខណៈបាតុកម្មហិង្សាប្រឆាំងប្រព័ន្ធអប់រំអន់ខ្សោយ កាន់តែរីកធំឡើងៗ គ្រប់គ្រងលែងបាន ដល់ថ្នាក់ឥឡូវ សូម្បីមាតាបិតាអាណាព្យាបាលសិស្សនិស្សិត និងសហជីពពាណិជ្ជកម្ម ក៏ចូលរួមធ្វើបាតុកម្មដែរ ខណៈប៉ូលិសបង្ក្រាបកុបកម្មប្រើវិធានការក្តៅ បណ្តាលឱ្យមានការប៉ះទង្គិចគ្នានៅទីក្រុងនានា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ BBC នៅថ្ងៃពុធ ទី៧ ខែតុលា ឆ្នាំ២០២៦ ឈានដល់បាញ់ឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក បាតុកម្មរីកកាន់តែធំក្នុងទីក្រុង Lyon, Paris, Marseille និង Rennes បង្ខំឱ្យប៉ូលិសឈានដល់ការប្រើឧស្ម័នបង្ហូរទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងបាតុករ ខណៈក៏មានសេចក្តីរាយការណ៍ អំពីការដុតបំផ្លាញ វាយកម្ទេចទ្រព្យសម្បត្តិរដ្ឋ បំផ្លិចបំផ្លាញសំណង់នានា និងចូលអុកឡុកលួចទំនិញក្នុងហាងជាច្រើន។

– ស្របពេលស្ថានការណ៍កាន់តែធ្ងន់ធ្ងរទៅៗ លោកប្រធានាធិបតី អាម៉ាញូអែល ម៉ាក្រុង នឹងដឹកនាំកិច្ចប្រជុំមួយ ជាមួយបណ្តារដ្ឋមន្ត្រីនៅវិមាន Élysée នាថ្ងៃពុធ ដើម្បីវាយតម្លៃសភាពការណ៍។
– បាតុកម្មនេះ ផ្ទុះឡើងដំបូងក្នុងទីក្រុងប៉ារីស កាលពីខែមុន ជុំវិញកម្សោយ និងការដើរថយក្រោយ នៃប្រព័ន្ធអប់រំជាតិ ដោយក្រុមសិស្សនិស្សិត ទាមទារឱ្យមានការកែលម្អ ប៉ុន្តែក្រោយមក ក៏រីករាលដាលពាសពេញផ្ទៃប្រទេស ប្រែជាហិង្សា ដោយសង្ស័យថា អុជបញ្ឆេះដោយក្រុមអ្នកនយោបាយឆ្វេងនិយមជ្រុល ខណៈឥឡូវបាតុករ ប្រមាណ ៥ ០០០នាក់ ត្រូវឃាត់ខ្លួន។
– រដ្ឋាភិបាលទីក្រុងប៉ារីស បានឱ្យដឹងថា គិតត្រឹមថ្ងៃអង្គារ មានការរំខានដល់ដំណើរការ នៅតាមវិទ្យាល័យចំនួន ៨៩១ កន្លែង ពោលគឺស្ទើរតែស្មើនឹងមួយភាគបួននៃវិទ្យាល័យសរុប។
– ទន្ទឹមនោះ សហជីពសិស្សនិស្សិតប៉ាន់ប្រមាណ មានបាតុកររហូតដល់ ៤៥០ ០០០ នាក់ បានចូលរួមបាតុកម្មនេះ ខណៈវិទ្យាល័យដែលត្រូវបិទខ្ទប់ទូទាំងប្រទេស មានរហូតដល់ ១ ៨០០កន្លែង។

– ចាប់តាំងពីការតវ៉ាផ្ទុះឡើងមក មានសិស្សចំនួន ២១៥ នាក់ និងបុគ្គលិកសាលា ៨៥ នាក់បានរងរបួស ព្រមទាំងមន្ត្រីប៉ូលិស ៧១៥ នាក់ផងដែរ។
– ស្របពេលជាមួយគ្នានោះដែរ មានការចោទប្រកាន់ថា ប៉ូលិសប្រើប្រាស់កម្លាំងហួសហេតុ ហើយស្ថាប័នអធិការកិច្ចប៉ូលិស IGPN របស់បារាំង បាន និងកំពុងស៊ើបអង្កេត លើករណីមួយចំនួន រួចហើយ។
– មន្ត្រីប៉ូលិសម្នាក់ ដែលបាញ់គ្រាប់បែកផ្សែងសំដៅទៅលើសិស្សវិទ្យាល័យម្នាក់ នៅ Saint-Ouen-l’Aumône ភាគពាយព្យទីក្រុងប៉ារីស កាលពីសប្តាហ៍មុន ឥឡូវត្រូវបានរដ្ឋអាជ្ញា ចោទប្រកាន់ពីបទ «ហិង្សា បណ្តាលឲ្យពិការ ឬបាត់បង់សមត្ថភាពអចិន្ត្រៃយ៍។
– គ្រាប់បែកនេះ ត្រូវចាត់ទុកជាអាវុធមិនសម្លាប់មនុស្ស ហើយអភិបាលតំបន់នោះ និយាយថា ហេតុការណ៍កើតឡើង នៅពេលប៉ូលិស ប្រឈមមុខជាមួយក្រុមសិស្សពី ២០០ ទៅ ២៥០ នាក់ ដែលបានគប់ដុំថ្ម និងកាំជ្រួចមកលើពួកគេ៕

