អន្តរជាតិះ – អ៊ុយក្រែន បានបើកការវាយប្រហារទ្រង់ទ្រាយធំទៀតហើយ លើប្រទេសរុស្ស៊ី ដោយបញ្ជូនដ្រូន ៩០០គ្រឿង ហោះបំបុកនិងបំផ្ទុះក្នុងតំបន់ជាច្រើន ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀរ ហ្សេលេនស្គី ព្រមានឱ្យកងទ័ពត្រៀមខ្លួន ព្រោះច្បាស់ណាស់ លោក វ្ល៉ាឌីមៀរ ពូទីន នឹងសងសឹកវិញលើទីក្រុង កៀវ ជាក់ជាមិនខាន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ AP, ការវាយប្រហារនេះកើតឡើង ពេញមួយយប់ថ្ងៃអង្គារ ទី៦ ខែតុលា ឆ្នាំ២០២៦ ដែលដ្រូនអ៊ុយក្រែន វាយប្រហារសូម្បីតែក្នុងឧបទ្វីប Crimea និងសមុទ្រ Azov។

– ទន្ទឹមនោះដែរ មានសេចក្តីរាយការណ៍ថា ដ្រូនអ៊ុយក្រែន បាញ់ឆេះស្តុកប្រេងដ៏ធំមួយ នៅក្នុងតំបន់មូស្គូ បង្កជាអគ្គិភ័យ ឆាបឆេះយ៉ាងសន្ធោសន្ធៅ ខណៈមនុស្ស ២នាក់ ត្រូវបាត់បង់ជីវិត។
– ភាគីរុស្ស៊ី បានបញ្ជាក់ពីការវាយប្រហារនេះ ប៉ុន្តែអះអាងថា ខ្លួនស្ទាក់ចាប់បាន និងបាញ់ទម្លាក់ដ្រូនអ៊ុយក្រែន សឹងតែទាំងអស់ ដ្បិតអភិបាលក្រុងមូស្គូ លោក Sergei Sobyanin អះអាងថា ដ្រូន ៦៥០ គ្រឿងបានហោះសំដៅទៅកាន់តំបន់រដ្ឋធានី ចាប់ពីល្ងាចថ្ងៃចន្ទ ដល់ព្រឹកថ្ងៃអង្គារ ក៏ដោយ។

– តាមសម្តីលោក Sobyanin ដ្រូនភាគច្រើន ត្រូវបានស្ទាក់ចាប់នៅចម្ងាយឆ្ងាយ ហើយ ១០៥គ្រឿង ត្រូវបាញ់ទម្លាក់ នៅពេលហោះចូលមកជិតទីក្រុង។
– ក្រោយប្រតិបត្តិការទ្រង់ទ្រាយធំនោះហើយ លោក ហ្សេលេនស្គី បានព្រមានដល់កងទ័ពខ្លួន ត្រូវបង្កើនការប្រុងជើងការខ្ពស់ ចំពោះការវាយប្រហារអាកាសសងសឹក ពីសំណាក់រុស្ស៊ី។
– បង្ហោះសារលើបណ្តាញសង្គម កាលពីថ្ងៃអង្គារ ប្រមុខរដ្ឋាភិបាលទីក្រុងកៀវ សរសេរថា៖ «ថ្ងៃនេះ យើងបានទទួលព័ត៌មានចារកម្មថា រុស្ស៊ី កំពុងរៀបចំសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំ សងសឹកវិញ។ យើងកំពុងរៀបចំវិធានការឆ្លើយតប ដូចគ្នា ហើយយើងបានកំណត់កាលបរិច្ឆេទ សម្រាប់ភារកិច្ចសំខាន់ៗ ខណៈកិច្ចការដែលមានអាទិភាពខ្ពស់បំផុត កំពុងត្រូវបានអនុវត្តហើយ»។

– សូមជម្រាបថា ប៉ុន្មានខែចុងក្រោយនេះ អ៊ុយក្រែន បានបង្កើនការវាយប្រហារដោយដ្រូន លើរុស្ស៊ីខ្លាំងណាស់ នោះក៏ព្រោះតែ ទីក្រុងកៀវ មានសមត្ថភាព អភិវឌ្ឍដ្រូនរយៈចម្ងាយឆ្ងាយ និងផលិតបានក្នុងចំនួន យ៉ាងក្រាស់ក្រែល។
– បើយោងតាមទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Ukrinform បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ រដ្ឋាភិបាលអ៊ុយក្រែន បានបញ្ចេញកញ្ចប់ថវិកាប្រមាណជាង ១ពាន់លានដុល្លារអាមេរិក ជាលើកដំបូងដើម្បីវិនិយោគដោយផ្ទាល់ទៅលើរោងចក្រផលិតដ្រូនក្នុងស្រុក។ កញ្ចប់ថវិកានេះ បានជួយឱ្យក្រុមហ៊ុនផលិតដ្រូនកើនឡើងយ៉ាងឆាប់រហ័ស និងឈានដល់ការចុះកិច្ចសន្យាផ្ទាល់ជាមួយរដ្ឋាភិបាលយ៉ាងច្រើនសន្ធឹកសន្ធាប់។
– ឈានចូលដល់ឆ្នាំ២០២៤ ការវិនិយោគនេះកាន់តែមានទំហំធំ ដោយរដ្ឋាភិបាលបានអនុម័តថវិកាដល់ ១.២ពាន់លានដុល្លារ ខណៈការវិនិយោគពីវិស័យឯកជន មានចំនួនរហូតដល់ទៅ ៦០%នៃផលិតកម្មសរុប ដែលធ្វើឱ្យឧស្សាហកម្មដ្រូននេះ ស្រូបយកការវិនិយោគសរុបប្រមាណជាង ២ពាន់លានដុល្លារត្រឹមឆ្នាំ២០២៤៕

