អន្តរជាតិះ – សហរដ្ឋអាមេរិក បានដកយន្តហោះទម្លាក់គ្រាប់បែកទាំងអស់ ចេញពីមូលដ្ឋានទ័ពអាកាស Fairford របស់អង់គ្លេស ជាបន្ទាន់ យកទៅប្រទេសខ្លួនវិញ ក្រោយប្រើប្រាស់មូលដ្ឋាននេះ ធ្វើជាទីតាំងបើកប្រតិបត្តិការជួរមុខ អស់រយៈពេលជាច្រើនទសវត្សរ៍ មកហើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– រឿងនេះត្រូវបានបញ្ជាក់ដោយមន្ទីរបញ្ចកោណ និងផ្សាយដោយទូរទស្សន៍ BBC នៅថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ ខណៈក្រសួងការពារជាតិអង់គ្លេស មិនធ្វើអត្ថាធិប្បាយអ្វីទេ។

– ទីក្រុងវ៉ាស៊ីនតោន ក៏មិនប្រាប់ហេតុផលនៅពីក្រោយការសម្រេចចិត្ត ដកយន្តហោះទម្លាក់គ្រាប់បែកទាំងអស់ ទៅវិញដែរ ប៉ុន្តែសកម្មភាពនេះកើតឡើង បន្ទាប់ពីមានការប៉ុនប៉ងវាយប្រហារភេរវកម្ម លើមូលដ្ឋានទ័ពស្ថិតក្នុងតំបន់ Gloucestershire មួយនេះ។
– នាយករដ្ឋមន្ត្រីអង់គ្លេស Andy Burnham អះអាងថា មានភាគរយខ្ពស់ណាស់ ដែលប្រទេសអ៊ីរ៉ង់ ពាក់ព័ន្ធក្នុងផែនការប៉ងវាយប្រហារនោះ ប៉ុន្តែសមត្ថកិច្ចកំពុងស៊ើបអង្កេតយ៉ាងសកម្ម ព្រោះករណីនេះស្មុគស្មាញ ខ្លាំងណាស់។
– ជុំវិញហេតុការណ៍នេះ! ប៉ូលិសអង់គ្លេស បានចាប់ខ្លួនបុរស ៥ នាក់ កាលពីថ្ងៃអាទិត្យ សប្តាហ៍មុន នៅជិតមូលដ្ឋានទ័ពអាកាស Fairford ភាគខាងលិចប្រទេស ហើយក្រោយមក ពួកគេត្រូវចោទប្រកាន់ពីបទភេរវកម្ម។

– ប៉ូលិសអង់គ្លេស បានទទួលបានការទូរស័ព្ទមកកាន់លេខ ៩៩៩ ពីជនសង្ស័យម្នាក់ ក្នុងចំណោមជនសង្ស័យទាំង៥ ពោលគឺជិតមួយម៉ោង មុនពេលស្រ្តីជាកសិករក្នុងតំបន់ បានទូរស័ព្ទរាយការណ៍ អំពីក្រុមបុរសពាក់មុខ និងរថយន្តពណ៌សចំនួន ៣គ្រឿង។
– មកទល់ពេលនេះ ប៉ូលិសកំពុងស្រាវជ្រាវ ថាតើជនសង្ស័យដែលទូរស័ព្ទមកនោះ បានដូរគំនិតវិញនៅនាទីចុងក្រោយ មិនចង់វាយប្រហារ ឬមួយក៏ ការទូរស័ព្ទនេះ គឺជាផ្នែកមួយ នៃផែនការរបស់ពួកគេ។
– សូមជម្រាបថា មូលដ្ឋានទ័ព Fairford ធ្លាប់ជាកន្លែងឈរជើងដ៏សំខាន់របស់សហរដ្ឋអាមេរិក ដោយមានយន្តហោះចម្បាំង/ទម្លាក់គ្រាប់បែកធុនធ្ងន់ ដូចជាប្រភេទ B-1B Lancer និង B-52 Stratofortress ចន្លោះពី ២១ ទៅ ២៣ គ្រឿង។
– ប៉ុន្មានខែចុងក្រោយ អង់គ្លេស បើកដៃឱ្យអាមេរិក ប្រើមូលដ្ឋាននេះ ដើម្បីវាយប្រហារអ៊ីរ៉ង់ ដែលជំរុញឱ្យទីក្រុងតេហេរ៉ង់ ព្រមានសងសឹកវិញយ៉ាងខ្លាំងក្លា៕

