អន្តរជាតិះ – រដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលជាអ្នកមាននិន្នាការស្តាំនិយម និងជាមនុស្សជំនិតរបស់ លោក បេនចាមីន ណេតាន់យ៉ាហ៊ូ គឺ លោក Itamar Ben-Gvir បានអះអាងថា តំបន់ធំៗចំនួន ៣ នៅ West Bank ដែលត្រូវបានកាន់កាប់ដោយអ៊ីស្រាអែលនោះ គឺជារបស់អ៊ីស្រាអែល គឺផ្ទុយពីការរៀបចំកំណត់ក្នុងកិច្ចព្រមព្រៀង Oslo រវាងអ៊ីស្រាអែល និងអង្គការរំដោះប៉ាឡេស្ទីន (PLO)។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងសូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
តាមកិច្ចព្រមព្រៀង Oslo II ឆ្នាំ១៩៩៥ តំបន់ West Bank ត្រូវបានបែងចែកជាតំបន់ A, B និង C ។ តំបន់ A ស្ថិតនៅក្រោមការគ្រប់គ្រងពេញលេញរបស់ប៉ាឡេស្ទីន ចំណែកតំបន់ B ស្ថិតនៅក្រោមការគ្រប់គ្រងផ្នែកស៊ីវិលរបស់ប៉ាឡេស្ទីន និងការគ្រប់គ្រងផ្នែកសន្តិសុខរបស់អ៊ីស្រាអែល។ រីឯតំបន់ C គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦០% នៃទឹកដីសរុប គឺស្ថិតក្រោមការគ្រប់គ្រងពេញលេញរបស់អ៊ីស្រាអែល។
– លោក Ben-Gvir ប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Channel 14 របស់អ៊ីស្រាអែល កាលពីថ្ងៃព្រហស្បតិ៍ថា៖ « គ្មានភាពខុសគ្នារវាងតំបន់ A, B និង C ទេ។ ទឹកដីទាំងមូលជារបស់យើង។ នេះជាប្រទេសរបស់យើង»។
– លោក Ben-Gvir ក៏បានគំរាមរំលាយអាជ្ញាធរប៉ាឡេស្ទីន និងជំរុញឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនប៉ាឡេស្ទីន ចេញពីតំបន់ West Bank និងតំបន់ហ្គាហ្សាផងដែរ ប្រសិនបើលោកក្លាយជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
– លោកបានអះអាងថា ប្រជាជនប៉ាឡេស្ទីនចំនួន ៦០% ចង់ធ្វើចំណាកស្រុក ទោះបីជាមានរបាយការណ៍ផ្ទុយពីនេះក៏ដោយ។
– លោកលើកឡើងថា៖ « ខ្ញុំនឹងលះបង់ពេលវេលាសម្រាប់រឿងនេះ ហើយខ្ញុំនឹងគ្រប់គ្រងដំណើរការនេះជាបន្តបន្ទាប់។ រៀងរាល់សប្តាហ៍ ខ្ញុំនឹងរៀបចំកិច្ចពិភាក្សា ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់»។
– ពេលអ្នកសារព័ត៌មានសួរថា តើអ៊ីស្រាអែលអាចបញ្ជូនកងកម្លាំងបន្ថែមទៅកាន់តំបន់ West Bank និងហ្គាហ្សា ដោយរបៀបណា?
– លោក Ben-Gvir ឆ្លើយថា៖ « វាសាមញ្ញណាស់! ពេលអ្នកអនុញ្ញាតឱ្យទាហានបាញ់ និងប្រើប្រាស់កម្លាំងកាន់តែច្រើន នោះអ្នកនឹងត្រូវការកម្លាំងមនុស្សកាន់តែតិច។ ខ្ញុំនឹងលុបចោលការរឹតត្បិតនានាលើទាហានរបស់យើង។ សព្វថ្ងៃនេះ បទបញ្ជាប្រតិបត្តិការរបស់ប៉ូលិសមានភាពធូររលុងជាងបទបញ្ជារបស់កងទ័ពទៅទៀត»។
– គួរបញ្ជាក់ថា តំបន់ West Bank មិនត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកណាមួយ របស់អ៊ីស្រាអែលនោះទេ។ ប្រទេសភាគច្រើន និងអង្គការសហប្រជាជាតិ(UN) ចាត់ទុកតំបន់នោះថាជាទឹកដីរបស់ប៉ាឡេស្ទីន ស្ថិតក្រោមការកាន់កាប់របស់អ៊ីស្រាអែល៕
