អន្តរជាតិះ- សង្រ្គាមកន្លះឆ្នាំជាងមកនេះ នៅតែរកផ្លូវបញ្ចប់មិនទាន់ឃើញ ដោយភាគីសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ នៅតែចរចាគ្នាមិនត្រូវ កាលពីថ្ងៃព្រហស្បតិ៍ កងទ័ពអាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស Patriot បន្ថែមចំនួនពីរឈុត ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធថាមពលក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងកាតា ខណៈអាមេរិកក៏បានត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការយោធាដែលអាចនឹងកើតឡើងជាថ្មីប្រឆាំងនឹងអ៊ីរ៉ង់ទៀតផង។ នេះបើយោងតាមគេហទំព័រព័ត៌មាន Axios ផ្សាយនៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៦ ដោយដកស្រង់សម្តីមន្ត្រីអាមេរិកពីររូប និងប្រភពក្នុងតំបន់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមសារព័ត៌មានខាងលើ ឱ្យដឹងថា ប្រព័ន្ធមីស៊ីលមួយឈុតត្រូវបានបញ្ជូនទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីតកាលពីខែមុន ដើម្បីការពារទីតាំងផលិតប្រេងដ៏សំខាន់មួយ ខណៈមួយឈុតទៀតត្រូវបានដាក់ពង្រាយទៅកាន់ប្រទេសកាតា ដើម្បីការពារទីតាំងផលិតឧស្ម័នធម្មជាតិ។
– ការដាក់ពង្រាយនេះមានគោលបំណងធានាដល់ប្រទេសទាំងពីរថា ទីក្រុងវ៉ាស៊ីនតោននឹងការពារហេដ្ឋារចនាសម្ព័ន្ធថាមពលដ៏សំខាន់របស់ពួកគេ ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចាប់ផ្តើមប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំប្រឆាំងនឹងអ៊ីរ៉ង់ឡើងវិញ។
– លោក ត្រាំ និយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនកំពុងពិចារណាចាប់ផ្តើមយុទ្ធនាការទម្លាក់គ្រាប់បែកឡើងវិញ នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
– លោកបន្ថែមថា៖ « ឥឡូវនេះ! ខ្ញុំត្រូវតែសម្រេចចិត្តថា តើអ៊ីរ៉ង់ត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀង ឬមួយចង់ឱ្យប្រទេសនេះលែងមាននៅលើផែនដីទៀត»។
– សារព័ត៌មាន Axios បន្តថា មេដឹកនាំអារ៉ាប៊ីសាអូឌីត និងកាតា បានជំរុញ កាលពីដើមខែសីហា កុំឱ្យលោក ត្រាំ បើកការវាយប្រហារទ្រង់ទ្រាយធំ រួមបញ្ចូលទាំងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ីរ៉ង់ ដោយសារបារម្ភពីការសងសឹកមកលើទីតាំងផលិតប្រេង និងឧស្ម័នរបស់ពួកគេ។
– យ៉ាងណា សហរដ្ឋអាមេរិកនឹងត្រូវការការអនុញ្ញាតពីអារ៉ាប៊ីសាអូឌីតជាមុន ដើម្បីប្រើប្រាស់ដែនអាកាសរបស់ប្រទេសនេះសម្រាប់ការបើកប្រតិបត្តិការប្រយុទ្ធទ្រង់ទ្រាយធំឡើងវិញ ប៉ុន្តែទីក្រុងរីយ៉ាដ ទំនងជាមិនព្រមទេ ប្រសិនបើគ្មានការធានាថា កន្លែងផលិតប្រេងរបស់ខ្លួននឹងត្រូវបានការពារ៕

