អាមេរិក ត្រៀមបញ្ជូននាវាផ្ទុកយន្តហោះ ថែមមួយគ្រឿងទៀត ទៅមជ្ឈិមបូព៌ា ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់

អន្តរជាតិះ – សហរដ្ឋអាមេរិក កំពុងត្រៀមរៀបចំបញ្ជូននាវាផ្ទុកយន្តហោះថែមមួយគ្រឿងទៀត ទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងកម្លាំងឱ្យកាន់តែខ្លាំង នៅចំពោះមុខស្ថានការណ៍ដ៏ក្តៅគគុកសាជាថ្មី ជាមួយទីក្រុងអ៊ីរ៉ង់។

– តាមសេចក្តីរាយការណ៍របស់ Wall Street Journal ដែលដកស្រង់សម្តីមន្ត្រីក្នុងជួររដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នាវាផ្ទុកយន្តហោះទី៣នេះ គឺជានាវា USS Theodore Roosevelt ដែលបានចាកចេញពីទីក្រុង San Diego រួចទៅហើយ កាលពីថ្ងៃអាទិត្យ ដើម្បីត្រៀមសម្រាប់ការដាក់ពង្រាយ។

– នាវានេះ នឹងធ្វើដំណើរទៅជាមួយក្រុមនាវាត្រៀមប្រយុទ្ធ USS Makin Island ដែលដឹកកងទ័ពជើងទឹក ពីកងពលរហ័សលេខ១៣ ខណៈដំណើរនេះ ត្រូវគេរំពឹងថា នឹងទៅដល់មជ្ឈិមបូព៌ា នៅចុងខែវិច្ឆិកា ពោលគឺក្រោយអាមេរិក បោះឆ្នោតពាក់កណ្តាលអាណត្តិ។

– កងនាវានេះ នឹងទៅជួយគាំទ្រនាវាផ្ទុកយន្តហោះ ២គ្រឿងដែលកំពុងឈរជើងនៅមជ្ឈិមបូព៌ាស្រាប់ ដូចជា USS George H.W. Bush និង USS George Washington ដើម្បីដាក់សម្ពាធ ក៏ដូចជាគំរាមទីក្រុងតេហេរ៉ង់ ឱ្យកាន់តែខ្លាំង។

– ព័ត៌មាននៃការដាក់ពង្រាយនេះ កើតឡើងបន្ទាប់ពី លោក ត្រាំ គំរាមបើកយុទ្ធនាការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំឡើងវិញ លើអ៊ីរ៉ង់ ក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

– ប្រធានាធិបតីអាមេរិក លើកឡើងថា ការបើកប្រតិបត្តិការនេះ អាចទៅរួច ខណៈលោកប្រកាន់ជំហរថា ការទប់ស្កាត់មិនឱ្យអ៊ីរ៉ង់ ទទួលបានអាវុធនុយក្លេអ៊ែរ នៅតែជាគោលដៅចម្បងបំផុតរបស់លោក។

– លោក ត្រាំ ក៏បដិសេធផងដែរ នូវសំណើរបស់អ៊ីរ៉ង់ ដាក់ជូនកាលពីចុងសប្តាហ៍មុន ដែលសុំបើកច្រកសមុទ្រ Hormuz ឡើងវិញ និងការបន្តកិច្ចចរចានុយក្លេអ៊ែរ ជាថ្នូរនឹងការបញ្ឈប់បិទខ្ទប់ ផ្លូវទឹករបស់កងទ័ពជើងទឹកអាមេរិកលើកំពង់ផែអ៊ីរ៉ង់៕

 

You might like