បាត់ដំបងះ – ផ្លូវកៅស៊ូជាច្រើនកន្លែង នៅតាមបណ្ដាលស្រុកនានាក្នុងខេត្តបាត់ដំបង បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារទឹកជំនន់បានបំផ្លាញក្នុងរយៈពេលដ៏ខ្លីបំផុត ដែលធ្វើឲ្យទីតាំងខ្លះមិនអាចធ្វើដំណើរឆ្លងកាច់បាន សូម្បីតែម៉ូតូក៏ដោយ ប៉ុន្តែទីតាំងខ្លះទៀតត្រូវបានមន្ទីរជំនាញធ្វើការជួសជុលភ្លាមៗបន្ទាប់ពីទឹកស្រកអស់។
– មួយរយៈចុងក្រោយនេះ គេសង្កេតឃើញថានៅតាមបណ្ដាស្រុកមួយចំនួនដែលទឹកជំនន់បានស្រកផុតអស់ទៅហើយនោះ បានបង្ហាញរូបភាពជាក់ស្ដែងពីការខូចខាតហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរ ទាំងផ្លូវលំ ទាំងផ្លូវក្រាលគ្រួសក្រហម ទាំងផ្លូវការកៅស៊ូ ដោយកម្លាំងទឹកវាយផ្ដាច់។ ដោយឡែកនៅស្រុកមួយចំនួនទៀត ដែលមិនទាន់បូកសរុបបានដោយសារតែទឹកមិនទាន់ស្រកផុតនៅឡើយ ដូចជានៅស្រុកឯកភ្នំជាដើម ។
– ជាក់ស្ដែងទីតាំងដែលខូចធ្ងន់ធ្ងរ គឺស្ពានលូនៅឃុំតាសាញ់ ក្នុងស្រុកសំឡូត ផ្លូវក្រាលកៅស៊ូនៅស្រុកគាស់ក្រឡ ដែលបានកាត់ផ្ដាច់ដោយទឹកជំនន់ នឹងមិនអាចឱ្យធ្វើចរាចរណ៍បានឡើយ និងទីតាំងដែលធ្ងន់ធ្ងរមួយទៀត គឺផ្លូវទៅអូរស្រឡៅក្នុងស្រុកសង្កែ ទឹកបានកាត់ផ្ដាច់ផ្លូវរាប់ពាន់ម៉ែត្រ ហើយក៏ត្រូវកាត់ផ្ដាច់ការធ្វើចរាចរណ៍ទាំងស្រុងផងដែរ។
– លោក សេក ផានិត មេឃុំអូរដំបង១ បានបញ្ជាក់ថា ចាប់ពីកំណាត់ផ្លូវហាយវ៉េ ឆ្ពោះទៅកាន់ភូមិសំរោងកោង និងភូមិអូរស្រឡៅ ត្រូវបានទឹកជំនន់ច្រោះផ្ដាច់ប្រវែង ១.៨០០ ម៉េត្រ ដែលត្រូវបិទការធ្វើចរាចរណ៍ទាំងស្រុង សូម្បីតែកង់ ម៉ូតូក៏ដោយ បើសរុបទាំងផ្លូវកៅស៊ូដែលច្រោះអស់មួយចំហៀងសរុបមានប្រវែង ៧.៤០០ ម៉ែត្រ ហើយកាលពីម្សិលមិញនេះប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង បានចុះទៅពិនិត្យស្ថានភាពនៃការខូចខាតទាំងនេះហើយ ដើម្បីត្រៀមធ្វើការជួសជុលឲ្យទាន់សភាពការណ៍ដើម្បីតម្រូវការឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ។
– ដោយឡែកលោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនបានបញ្ជាក់ប្រាប់ កម្ពុជាថ្មី នាល្ងាចថ្ងៃទី១ ខែតុលា ថា ចំពោះការខូចខាតផ្លូវនៅស្រុកគាស់ក្រឡ និងនៅស្រុកសំឡូត លោកបានចាត់កម្លាំងជំនាញអមដោយគ្រឿងចក្រចុះទៅធ្វើការជួសជុល និងតភ្ជាប់រួចរាល់ហើយ ក្រោយពីទឹកស្រកភ្លាមៗ ព្រោះផ្លូវសំខាន់ណាស់សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ បើយើងទុកបណ្ដោយតែមួយរយៈខ្លី នោះប្រជាពលរដ្ឋត្រូវខាតបង់ពេលវេលាដើម្បីរកផ្លូវវៀងក្នុងការដឹកកសិផលទៅកាន់ទីផ្សារ៕



