អន្តរជាតិះ – ហេតុការណ៍សហជំនួយការពីឡុត នៃជើងហោះហើរ Flydubai ព្យាយាមប្លន់យន្តហោះ កំពុងអង្រួនពិភពលោក និងបង្កការតាមដានយ៉ាងយកចិត្តទុកដាក់។
– រឿងនេះ កើតឡើងលើជើងហោះហើរ FZ1073 ដែលធ្វើដំណើរចេញពីអាកាសយានដ្ឋានអន្តរជាតិឌូបៃ សំដៅទៅអាកាសយានដ្ឋាន Ben-Gurion ក្នុងទីក្រុងតែល អាវីវ នៃប្រទេសអ៊ីស្រាអែល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ CNN និង BBC កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ បានឱ្យដឹងថា យន្តហោះនេះ មានដឹកអ្នកដំណើរ ១៥០នាក់ ដែលសឹងតែទាំងអស់ គឺជាជនជាតិអ៊ីស្រាអែល។ នៅពេលយន្តហោះកំពុងហោះហើរលើដែនអាកាស អារ៉ាប៊ីសាអូឌីត ស្រាប់តែសហជំនួយការពីឡុត ដែលអង្គុយជិត បានប្រើកាំបិតតូច ចាក់ទៅលើប្រធានពីឡុត ជាជនជាតិឥណ្ឌាគឺលោក Smit Machchhar តែម្តង។

– រំពេចនោះ ជនសង្ស័យ បានព្យាយាមបញ្ជាឱ្យយន្តហោះដាំក្បាលចុះភ្លាមៗ បណ្តាលឱ្យយន្តហោះ ធ្លាក់កម្ពស់រហូតដល់ទៅជាង ប្រហែល ៤ ២០០ ម៉ែត្រ ក្នុងរយៈពេលមិនដល់ ២ នាទីផង ធ្វើឱ្យអ្នកដំណើរទាំងឡាយភ័យស្លន់ស្លោ និងស្រែកឆោឡោពេញយន្តហោះ។
– ទោះត្រូវរបួស ប៉ុន្តែកាពីទែន នៅតែព្យាយាមបើកទ្វារកាប៊ីន ហើយអ្នកដំណើរមួយក្រុម និងបុគ្គលិកយានិក នាំគ្នាសម្រុកចូលទៅចាប់ជនដៃដល់ និងគ្រប់គ្រងចង្កូតយន្តហោះមកវិញ បានជោគជ័យ។
– យោងតាមគេហទំព័រតាមដានជើងហោះហើរ Flightradar24 យន្តហោះនេះ ដំបូងឡើយបានបញ្ជូនសញ្ញាអាសន្នទូទៅ ហើយប៉ុន្មាននាទីក្រោយមក ក៏ បានបញ្ជូនសញ្ញាអាសន្នមួយទៀត ដែលបង្ហាញពីលទ្ធភាពនៃការជ្រៀតជ្រែកដោយខុសច្បាប់។

– ទីបំផុត យន្តហោះប្រភេទ Boeing 737 MAX 8 មួយគ្រឿងនេះ ក៏បង្វែរទិសដៅ ទៅចុះចតជាបន្ទាន់នៅព្រលានយន្តហោះ Prince Sultan bin Abdulaziz ក្នុងក្រុង Tabuk នៃប្រទេសអារ៉ាប៊ីសាអូឌីត ខណៈជនដៃដល់ ដែលគេអះអាងថា មានសញ្ជាតិអូម៉ង់ ត្រូវបានអាជ្ញាធរទីក្រុងរីយ៉ាដចាប់ខ្លួន និងកំពុងធ្វើការស៊ើបអង្កេត ឯលោកកាពីទែន ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។
– ជុំវិញហេតុការណ៍នេះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Israel Katz បញ្ជាក់ថា គឺជាការប៉ុនប៉ងវាយប្រហារភេរវកម្មបែបជីហាដ ដែលមានគោលបំណងបង្កមហន្តរាយទ្រង់ទ្រាយធំ លើជនជាតិអ៊ីស្រាអែល និងជនជាតិដទៃទៀត។
– ទន្ទឹមនោះ មន្ត្រីជាន់ខ្ពស់ និងប្រភពសន្តិសុខរបស់អ៊ីស្រាអែល បានហៅព្រឹត្តិការណ៍នេះថាជា «ការប៉ុនប៉ងវាយប្រហារភេរវកម្ម យកគម្រូតាមការវាយប្រហារថ្ងៃ ១១ ខែកញ្ញា នៅអគារពាណិជ្ជកម្មអាមេរិក៕

