អន្តរជាតិះ – យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីចំនួន៧នាក់ រាប់ទាំងអ្នកអ្នកសារព័ត៌មានម្នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារចំនួនពីរដាច់ដោយឡែកពីគ្នា ពីអុីស្រាអែល នៅតំបន់ហ្គាហ្សា កាលពីថ្ងៃពុធ ទី៣០ ខែកញ្ញា ឆ្នាំ២០២៦ ដែលនាំឱ្យអ្នកស្លាប់សរុបកើនជាង ១៤០០នាក់ ចាប់តាំងពីមានបទឈប់បាញ។ នេះបើយោងទៅតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពពីមន្ត្រីសុខាភិបាល។
– ក្រុមវេជ្ជបណ្ឌិតបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អុីស្រាអែលទៅលើរថយន្តមួយគ្រឿងនៅតំបន់ Tel Al-Hawa ក្នុងទីក្រុងហ្គាហ្សា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤នាក់ និងបណ្តាលឱ្យមនុស្ស ១៤នាក់ផ្សេងទៀតរងរបួស។ ការវាយប្រហារតាមអាកាសមួយផ្សេងទៀតមុននេះ ទៅលើអគារផ្ទះល្វែងមួយកន្លែងនៅក្នុងទីក្រុងដដែល បានសម្លាប់ស្ត្រីម្នាក់។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោធាអុីស្រាអែល បានឱ្យដឹងថា ការវាយប្រហារនេះមានគោលដៅលើសមាជិកក្រុមប្រដាប់អាវុធហាម៉ាស់ម្នាក់ ដែលកំពុងរៀបចំផែនការបើកការវាយប្រហារប្រឆាំងនឹងកងកម្លាំងរបស់ខ្លួន។
– ចំណែកការវាយប្រហារនៅក្បែរវិហារអុីស្លាមមួយក្នុងទីក្រុង Khan Younis ភាគខាងត្បូងតំបន់ហ្គាហ្សា បានសម្លាប់អ្នកសារព័ត៌មានក្នុងស្រុកម្នាក់ឈ្មោះ Mohammad Al-Najar និងបណ្តាលឱ្យមនុស្សមួយចំនួនទៀតរងរបួស។
– ក្រោយមក នៅល្ងាចថ្ងៃពុធ ក្រុមគ្រូពេទ្យបានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អុីស្រាអែលបានសម្លាប់មនុស្សម្នាក់នៅក្បែរទីប្រជុំជន Qarara ភាគខាងត្បូងតំបន់ហ្គាហ្សា ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបក្នុងថ្ងៃនោះកើនឡើងដល់យ៉ាងហោចណាស់ ៧នាក់។
– អុីស្រាអែល ធ្លាប់បានអះអាងថា ក្រុមហាម៉ាស់កំពុងស្តារកម្លាំងយោធារបស់ខ្លួនឡើងវិញ និងបើកការវាយប្រហារ ដែលជាការរំលោភបទឈប់បាញ់ដែលបានព្រមព្រៀងកាលពីខែតុលា ឆ្នាំមុន ហើយ អុីស្រាអែល បានបង្កើនការវាយប្រហារកាន់តែខ្លាំងលើក្រុមនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
– ប៉ុន្តែ ទោះបីជាយ៉ាងណា ក្រុមហាម៉ាស់បានបដិសេធថា ខ្លួនកំពុងរៀបចំការវាយប្រហារ ឬស្តារឃ្លាំងអាវុធរបស់ខ្លួនឡើងវិញ ហើយបានចោទប្រកាន់អុីស្រាអែល ថា កំពុងមើលស្រាលកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្គាហ្សា។
– បទឈប់បាញ់ដែលសហរដ្ឋអាមេរិកបានជួយសម្របសម្រួលកាលពីឆ្នាំមុន បានកំណត់ឱ្យមានការស្តារតំបន់ហ្គាហ្សា ឡើងវិញ។ ប៉ុន្តែ មានការវិវឌ្ឍន៍តិចតួចប៉ុណ្ណោះ ក្នុងតំបន់នេះ ខណៈការចរចាមិនទាន់អាចឈានដល់កិច្ចព្រមព្រៀងលើលក្ខខណ្ឌសម្រាប់ឱ្យក្រុមហាម៉ាស់ដាក់អាវុធចុះ និងឱ្យអុីស្រាអែលដកកងទ័ពរបស់ខ្លួនចេញពីតំបន់ នៅឡើយទេ។
– ការបន្តការវាយប្រហារតាមអាកាសរបស់អុីស្រាអែល បានសម្លាប់ ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់ ១,៤០០នាក់រួចមកហើយ បើចាប់តាំងពីមានបទឈប់បាញ់ ខណៈអុីស្រាអែលអះអាងថា ទាហានរបស់ខ្លួន ៤នាក់បានស្លាប់។
– អាជ្ញាធរប៉ាឡេស្ទីន បាននិយាយថា មនុស្សជាង ៧៤,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អុីស្រាអែលលើតំបន់ហ្គាហ្សា ដែលបានចាប់ផ្តើមបន្ទាប់ពីក្រុមសកម្មប្រយុទ្ធដឹកនាំដោយហាម៉ាស់បានសម្លាប់មនុស្សប្រហែល ១,២០០នាក់ នៅភាគខាងត្បូងអុីស្រាអែល កាលពីខែតុលា ឆ្នាំ២០២៣៕
