អន្តរជាតិះ – សកម្មភាពរោងចក្ររបស់ប្រទេសចិនបានស្ទុះងើបឡើងវិញនៅខែកញ្ញា បន្ទាប់ពីធ្លាក់ចុះ ២ ខែជាប់ៗគ្នា ខណៈការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យបញ្ញាសិប្បនិម្មិត (AI) ជួយជំរុញសកម្មភាពឧស្សាហកម្មរបស់ប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅថ្ងៃពុធ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញចិន (PMI) បានកើនឡើងដល់ ៥០,១ ពិន្ទុ ក្នុងខែកញ្ញា ពី ៤៩,៨ ក្នុងខែសីហា។ នេះបើយោងតាមការិយាល័យស្ថិតិជាតិចិន។ កម្រិតលើស ៥០ ពិន្ទុ បង្ហាញថា សកម្មភាពផលិតកម្មកើនឡើង ខណៈក្រោមនេះ បង្ហាញពីការធ្លាក់ចុះ។
– ការស្ទុះងើបឡើងវិញនៃសកម្មភាពរោងចក្រចិន កើនឡើងក្រោយបញ្ហាធាតុអាកាសថយចុះ ដែលអនុញ្ញាតឱ្យរោងចក្រមួយចំនួនបន្តប្រតិបត្តិការរបស់ពួកគេឡើងវិញ។ ជាមួយគ្នានេះ ការរីកចម្រើននៃវិស័យ AI និងតម្រូវការសម្រាប់ផលិតផលបច្ចេកវិទ្យា ក៏បានជួយជំរុញសកម្មភាពឧស្សាហកម្មផងដែរ។
– ទោះជាយ៉ាងណា សេដ្ឋកិច្ចចិននៅតែប្រឈមនឹងកម្សោយតម្រូវការក្នុងស្រុក និងភាពជាប់គាំងនៃវិស័យអចលនទ្រព្យ។ កត្តាទាំងនេះបានបង្កើនសម្ពាធលើរដ្ឋាភិបាលឱ្យបន្តចាត់វិធានការគាំទ្រសេដ្ឋកិច្ច។
– កាលពីថ្ងៃអង្គារ ប្រទេសចិនបានប្រកាសវិធានការថ្មីមួយចំនួន ដើម្បីផ្ដល់កម្ចីដែលមានអត្រាការប្រាក់ទាបទៅកាន់វិស័យដូចជា ហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកវិទ្យា ព្រមទាំងបង្កើនការគាំទ្រដល់អ្នកទិញផ្ទះ។
– វិស័យនាំចេញ និងផលិតកម្មឧស្សាហកម្មបានក្លាយជាកម្លាំងសំខាន់សម្រាប់កំណើនសេដ្ឋកិច្ចចិនក្នុងឆ្នាំនេះ ដោយអតិរេកពាណិជ្ជកម្មរបស់ចិនត្រូវបានរំពឹងថានឹងលើស ១ ទ្រីលានដុល្លារ ជាឆ្នាំទី២ជាប់ៗគ្នា។
– ប៉ុន្តែការនាំចេញនៅតែប្រឈមនឹងហានិភ័យពីភាពមិនប្រាកដប្រជាភូមិសាស្ត្រនយោបាយ និងភាពតានតឹងពាណិជ្ជកម្មជាមួយប្រទេសដទៃ រួមទាំងសហរដ្ឋអាមេរិក។ ទំនិញចិនជាច្រើនប្រភេទ រួមទាំងផលិតផលអេឡិចត្រូនិក និងឧបករណ៍ប្រើប្រាស់ក្នុងគ្រួសារ កំពុងប្រឈមនឹងការត្រួតពិនិត្យកាន់តែខ្លាំងនៅទីផ្សារបរទេស៕

