តម្លៃប្រេងអន្តរជាតិ​ឡើងចុះ​ខ្លាំង ប៉ុន្តែបន្ត​ជួញដូរ​លើស​ពី​ ១០០ ដុល្លារ/បារ៉ែល

អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបន្តឡើងចុះប្រែប្រួលខ្លាំង ប៉ុន្តែនៅតែជួញដូរលើសពី ១០០ ដុល្លារ/បារ៉ែល ​ដោយសារតែ​ភាពស្រពេចស្រពិលនៃជម្លោះរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ដែលធ្វើឱ្យទីផ្សារនៅតែព្រួយបារម្ភពីកង្វល់ផ្នែកផ្គត់ផ្គង់។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តម្លៃប្រេងឆៅ Brent បាន​ធ្លាក់ចុះប្រមាណ ២,៦៩ ដុល្លារ ដល់ ១០២,៥៩ ដុល្លារ/បារ៉ែល ពេលបិទការ​ជួញ​ដូ​រ​នៅថ្ងៃអង្គារ ខណៈតម្លៃប្រេងអាមេរិក WTI បានធ្លាក់ចុះ ៣,២២ ដុល្លារ ដល់ ៨៩,៣៨ ដុល្លារ/បារ៉ែល។

– យ៉ាងណាមិញ តម្លៃប្រេងឆៅ Brent បាន​ស្ទុះងើបមកវិញសម្រាប់ការជួញដូរលើទីផ្សារអាស៊ីនាព្រឹកថ្ងៃពុធនេះ ប្រមាណ ១,១៤ ដុល្លារ ដល់ ១០៣,៧៣ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោង ៩ កន្លះព្រឹកនៅទីក្រុងហុងកុង ខណៈប្រេង WTI បាន​កើនឡើង ៣៤​ សេន។

– តម្លៃប្រេង Brent ​បាន​​កើនឡើងប្រហែល ១៤% នៅខែកញ្ញានេះ ដែលជាកំណើនប្រចាំខែខ្ពស់បំផុតរាប់តាំងពីខែកក្កដា ខណៈ WTI កើនឡើង ៤%។

– ការឡើងចុះនៃតម្លៃប្រេងប៉ុន្មានថ្ងៃចុងក្រោយនេះ គឺដោយសារតែសញ្ញាផ្ទុយគ្នាពីការផ្គត់ផ្គង់ប្រេង និងស្ថានការណ៍ភូមិសាស្ត្រនយោបាយនៅមជ្ឈិមបូព៌ា។ ការនាំចេញប្រេងពីតំបន់មជ្ឈិមបូព៌ាបានចាប់ផ្តើមស្ទុះងើបឡើងវិញ ដែលជួយបន្ធូរក្ដីបារម្ភអំពីការខ្វះខាតប្រេង និងបានដាក់សម្ពាធឱ្យតម្លៃធ្លាក់ចុះ។

– ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីតបានចាប់ផ្តើមការដឹកប្រេងតាម​កំពង់ផែ Yanbu ឡើងវិញ បន្ទាប់​ពី​បើកដំណើរការបំពង់បង្ហូរប្រេង​លិច-កើត ជាថ្មី ដែលជួយបង្កើនលទ្ធភាពនាំចេញប្រេងពីតំបន់មជ្ឈិមបូព៌ា​។

– ប៉ុន្តែ ភាពមិនច្បាស់លាស់ជុំវិញការចរចារវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅតែជាកត្តាសំខាន់ដែលជំរុញឱ្យតម្លៃប្រេងប្រែប្រួលខ្លាំង។ ប្រទេសកាតាបានបង្ហាញក្តីសង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរវាងភាគីទាំង២ អាចនាំទៅរកការចរចាសន្តិភាព ​ប៉ុន្តែ​ប្រធានាធិបតីអាមេរិក លោក ​ដូណាល់ វិញ បាន​និយាយថា ​លោកនឹង​មិនបានផ្តល់ការបន្ធូរបន្ថយទណ្ឌកម្ម ឬសំណើផ្សេងទៀតដល់អ៊ីរ៉ង់នោះទេ​។

– អ្នកជំនាញទីផ្សារបានលើកឡើងថា ការកើនឡើងនៃលំហូរប្រេងចេញពីមជ្ឈិមបូព៌ា អាចជួយបន្ធូរសម្ពាធលើទីផ្សារ ប៉ុន្តែស្ថានការណ៍នៅតែមានភាពប្រែប្រួល ដោយសារហានិភ័យចំពោះការដឹកជញ្ជូន និងការផ្គត់ផ្គង់ប្រេងនៅតែមាន។

– នៅសហរដ្ឋអាមេរិក ទីផ្សារក៏កំពុងតាមដានយ៉ាងដិតដល់លើស្តុកប្រេង និងផលិតផលប្រេងឥន្ធនៈ ព្រមទាំងផែនការ​កាត់បន្ថយការនាំចេញប្រេងម៉ាស៊ូតរបស់រដ្ឋបាល ត្រាំ។ ទិន្នន័យស្តុកប្រេងផ្លូវការរបស់រដ្ឋាភិបាលអាមេរិក ត្រូវបានរំពឹងថានឹងផ្តល់សញ្ញាបន្ថែមអំពីស្ថានភាពផ្គត់ផ្គង់ក្នុងទីផ្សារ​៕

​

You might like