តើយុវជនត្រូវត្រៀមឯកសារអ្វីខ្លះ ដើម្បីស្នើសុំពាក្យកាតព្វកិច្ចយោធា?

ភ្នំពេញះ -រាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តកាតព្វកិច្ចយោធានាពេលខាងមុខ សម្រាប់យុវជនដែលមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ២៥ឆ្នាំ។ យុវជនដែលស្ថិតក្នុងក្រុមអាយុនេះ ត្រូវត្រៀមខ្លួន និងស្វែងយល់អំពីព័ត៌មានពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចយោធា ព្រមទាំងចូលរួមបំពេញកាតព្វកិច្ចស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

– បើតាមគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ការចែកពាក្យ និងទទួលពាក្យ សុំចូលបំពេញកាតព្វកិច្ចយោធា នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទកំណត់ ដោយការទទួលពាក្យធ្វើឡើងចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ និងការដាក់ពាក្យចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការចែក និងទទួលពាក្យធ្វើឡើងនៅពេលព្រឹកចាប់ពីម៉ោង ៧៖៣០នាទី ដល់ម៉ោង ១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤៖០០នាទី ដល់ម៉ោង ១៧៖០០នាទី ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសៅរ៍ នៅគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាក្រុង-ស្រុក-ខណ្ឌ ដែលជាទីលំនៅរបស់ប្រជាពលរដ្ឋផ្ទាល់ ឬនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក-ខណ្ឌ។

– តើយុវជនត្រូវត្រៀមឯកសារអ្វីខ្លះ?

– គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានបញ្ជាក់ថា ប្រជាពលរដ្ឋត្រូវយកឯកសារដើម ឬថតចម្លង តាមការកំណត់ មកបង្ហាញដល់មន្ត្រីជំនាញ នៅពេលមកទទួល និងដាក់ពាក្យ។ ឯកសារដែលត្រូវត្រៀម រួមមាន៖

– អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
– សៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ
– សំបុត្របញ្ជាក់កំណើត ឬលិខិតបញ្ជាក់របស់រដ្ឋបាលឃុំ-សង្កាត់។

– ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីកាតព្វកិច្ចយោធា លោក ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានថ្លែងនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលការណ៍ឱ្យអនុវត្តច្បាប់នេះជាលើកដំបូង ក្នុងគោលបំណងកសាងកម្លាំងការពារជាតិឱ្យកាន់តែមានសមត្ថភាព និងវិន័យ ស្របតាមតម្រូវការរបស់ជាតិ។

– ជាមួយគ្នានេះ ដើម្បីផ្តល់ព័ត៌មានផ្លូវការដែលច្បាស់លាស់ និងងាយស្រួលស្វែងយល់អំពីកាតព្វកិច្ចយោធា គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា បានបង្កើតបណ្តាញសង្គមផ្លូវការ «កាតព្វកិច្ចយោធា–ក.ក.យ» រួមមាន Facebook Page, Telegram Channel, YouTube និង TikTok។ បណ្តាញទាំងនេះនឹងផ្សព្វផ្សាយសេចក្តីជូនដំណឹង ការពន្យល់អំពីនីតិវិធី និងព័ត៌មានថ្មីៗពាក់ព័ន្ធនឹងការអនុវត្តកាតព្វកិច្ចយោធា៕

 

You might like