បាត់ដំបងះ- កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ខេត្តបាត់ដំបង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជានាយកសាលាបឋមសិក្សា ពាក់ព័ន្ធករណី «ប្រទូស្តកេរខ្មាស់មានស្ថានទម្ងន់ទោស» ទៅលើសិស្សស្រីអាយុ ១៣ឆ្នាំ ម្នាក់នៅក្នុងបន្ទប់ទីចាត់ការសាលា និងបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តនីតិវិធីច្បាប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៧និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្តា បានទទួលបណ្តឹងពីឈ្មោះ គក សុខា ភេទប្រុស អាយុ ៣៦ឆ្នាំ (ត្រូវជាអាណាព្យាបាលក្មេងស្រីរងគ្រោះ) រស់នៅភូមិកូនភ្នំខាងត្បូង ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ដើមបណ្តឹងបានរាយការណ៍ថា កាលពីវេលាម៉ោងប្រហែល ១៤និង២០នាទី ថ្ងៃដដែល នៅចំណុចសាលារៀនបឋមសិក្សាកូនភ្នំ៣២ មានករណីប្រទូស្តកេរខ្មាស់កើតឡើងលើកុមារីរងគ្រោះឈ្មោះ រ.ស.ម អាយុ ១៣ឆ្នាំ ជាសិស្សសាលា។
– ជនសង្ស័យក្នុងករណីនេះមានឈ្មោះ ជឹង ចាន់ធឿន (ហៅ វិត) ភេទប្រុស អាយុ ៥១ឆ្នាំ មានទីលំនៅភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន មុខរបរជានាយកសាលាបឋមសិក្សាខាងលើ។ ជនសង្ស័យបានធ្វើសកម្មភាពហៅកុមារីរងគ្រោះឱ្យចូលទៅក្នុងបន្ទប់ទីចាត់ការ រួចបង្ខំឱ្យលាត់អាវឡើងលើ យកខ្សែក្រណាត់ពណ៌ស (ម៉ែត្រសំពត់)មកវាស់ដើមទ្រូង ប្រើដៃស្ទាបទ្រូង និងបានយកទូរស័ព្ទដៃថតរូបកុមារីរងគ្រោះថែមទៀតផង។
– ក្រោយទទួលបណ្តឹង និងសាកសួរបំភ្លឺភាគីរងគ្រោះរួច នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១០និង១០នាទី កម្លាំងជំនាញបានចុះប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យឈ្មោះ ជឹង ចាន់ធឿន នៅចំណុចក្រុមទី៣ ភូមិកូនភ្នំខាងត្បូង និងបាននាំខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីចាត់ការតាមនីតិវិធី។
– ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពប្រទូស្តកេរខ្មាស អាសអាភាស និងថតរូបលើកុមារីរងគ្រោះដែលជាសិស្សរបស់ខ្លួន នៅក្នុងបន្ទប់ទីចាត់ការសាលាពិតប្រាកដមែន។
– បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់៕
