ភ្នំពេញះ – ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល ឬក្រុមហ៊ុនទាំងឡាយណាដែលផ្សព្វផ្សាយព័ត៌មានឱកាសការងារ ឬសម្របសម្រួលបញ្ជូនពលករទៅធ្វើការនៅក្រៅប្រទេសដោយខុសច្បាប់ និងគ្មានការអនុញ្ញាតពីក្រសួង។
– ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីថ្មីៗនេះ ក្រសួងតែងកត់សម្គាល់ឃើញថា មានជនឆ្លៀតឱកាសបានផ្សព្វផ្សាយព័ត៌មានតាមបណ្តាញសង្គម អំពីការសម្របសម្រួលផ្តល់សេវា និងរត់ការជួយប្រជាពលរដ្ឋខ្មែរដើម្បីទៅធ្វើការនៅក្រៅប្រទេសដោយពុំមានការអនុញ្ញាតពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈឡើយ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅក្នុងសេចក្តីជូនដំណឹង ស្តីពីការជ្រើសរើស និងបញ្ជូនជនទេសន្តរប្រវេសន៍ការងារខ្មែរ ទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ចុះថ្ងៃទី២១កញ្ញា ក្រសួងការងារបានណែនាំថា ដើម្បីចៀសវាងការធ្លាក់ខ្លួនជាជនរងគ្រោះនៃអំពើជួញដូរមនុស្ស និងការកេងប្រវ័ញ្ចកម្លាំងពលកម្ម ក្រសួងសូមក្រើនរំលឹកដល់សាធារណជន និងប្រជាពលរដ្ឋខ្មែរដែលមានបំណងទៅធ្វើការនៅក្រៅប្រទេស ត្រូវស្វែងយល់ឱ្យបានច្បាស់លាស់អំពីនីតិវិធីទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់។ មិនត្រូវជឿលើការឃោសនាបោកប្រាស់របស់មេខ្យល់ ឬបុគ្គលដែលអះអាងថា អាចបញ្ជូនទៅធ្វើការនៅក្រៅប្រទេសបានលឿន ដោយមិនបាច់ឆ្លងកាត់នីតិវិធីស្របច្បាប់។ ពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជីឈ្មោះទីភ្នាក់ងារផ្តល់សេវាការងារក្រៅប្រទេសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរាជធានី ខេត្ត និងជ្រើសរើសតែទីភ្នាក់ងារផ្តល់សេវាការងារក្រៅប្រទេសណា ដែលទទួលបានការអនុញ្ញាតពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈតែប៉ុណ្ណោះ។
– ក្រសួងការងារក៏បានណែនាំឱ្យពលករដែលមានបំណងទៅធ្វើការនៅក្រៅប្រទេសត្រូវអនុវត្តយន្តការចំនួន២ដើម្បីធានាបាននូវការធ្វើទេសន្តរប្រវេសន៍ការងារដោយសុវត្ថិភាព ការការពារសិទ្ធិ និងអត្ថប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋខ្មែរ ក្នុងនោះរួមមានយន្តការបញ្ជូនតាមរយៈរដ្ឋ និងរដ្ឋ។ យន្តការនេះត្រូវបានគ្រប់គ្រង និងអនុវត្តផ្ទាល់ដោយក្រសួង ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយរដ្ឋាភិបាលនៃបណ្តាប្រទេសទទួល រួមមានសាធារណរដ្ឋកូរ៉េ លើវិស័យឧស្សាហកម្ម កសិកម្ម និងសំណង់។រដ្ឋអ៊ីស្រាអែល លើវិស័យកសិកម្ម និងយន្តការបញ្ជូនតាមរយៈឯកជន និងឯកជនដែល យន្តការនេះអនុវត្តតាមរយៈទីភ្នាក់ងារផ្តល់សេវា ការងារក្រៅប្រទេស ដែលទទួលបានការអនុញ្ញាតពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បណ្តាប្រទេស ដូចខាងក្រោមរួមមាន ប្រទេសជប៉ុន ទៅជាកម្មសិក្សាការី និងពលករជំនាញ។ ប្រទេសម៉ាឡេស៊ីលើផ្នែកទូទៅ និងសេវាកម្មតាមផ្ទះ និងសណ្ឋាគារ។ ប្រទេសសិង្ហបុរីលើ ផ្នែកទូទៅ (កម្មន្តសាល សំណង់ កែច្នៃ ផលិត/ជួសជុលនាវា និងសេវាកម្ម) និងស្ត្រីជំនួយការផ្ទះ។ តំបន់រដ្ឋបាលពិសេសហុងកុង ស្ត្រីធ្វើការជាជំនួយការផ្ទះ ប្រទេសវៀតណាម លើវិស័យឧស្សាហកម្ម និងសំណង់ និងបណ្តាប្រទេសអារ៉ាប់លើផ្នែកបដិសណ្ឋារកិច្ច និងសណ្ឋាគារ៕

