អន្តរជាតិះ – ជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន រំពឹងថានឹងក្លាយជាប្រធានបទដ៏ក្ដៅគគុកមួយ នៅពេលមេដឹកនាំរវាងប្រទេសទាំង២ ជួបប្រជុំគ្នាដោយផ្ទាល់នៅទីក្រុងវ៉ាស៊ីនតោន នាថ្ងៃទី ២៤ ខែកញ្ញា សប្ដាហ៍នេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ដោយស្រង់សម្ដីអ្នកវិភាគផ្សេងៗ។
– ជំនួបថ្នាក់កំពូលនេះ ធ្វើឡើងក្រោយលោកប្រធានាធិបតី ដូណាល់ ត្រាំ បានហោះទៅជួបលោកប្រធានាធិបតី ស៊ី ជីនពីង នៅទីក្រុងប៉េកាំង កាលពី ៤ ខែមុន។ ៤ ខែកន្លងផុតទៅ ចិនបានបង្កើនពាណិជ្ជកម្មជាមួយដៃគូទូទាំងពិភពលោកទោះជាភាពតានតឹងពាណិជ្ជកម្មជាមួយអាមេរិកនៅតែមាន ខណៈលោក ត្រាំ កំពុងប្រឈមនឹងបញ្ហាជាច្រើននៅក្នុង និងក្រៅប្រទេស រួមទាំងកំណើនតម្លៃថាមពល និងសង្រ្គាមប្រឆាំងអ៊ីរ៉ង់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– អ្នកវិភាគបានចោទសួរថា តើជំនួប ត្រាំ-ស៊ី លើកនេះ នឹងបន្ថែមពេល «បទឈប់បាញ់» ពាក់ព័ន្ធសង្រ្គាមពន្ធគយ ដែលភាគីទាំង២បានព្រមព្រៀងគ្នាកាលពីឆ្នាំមុន ឬក៏ទម្លាក់វាចោល ហើយងាកទៅរកការប្រយុទ្ធគ្នាជាថ្មី។
– នាពេលកន្លងមក បទឈប់បាញ់ពាណិជ្ជកម្ម បានជួយបញ្ចៀសដាក់ពន្ធតបតគ្នាទៅវិញទៅមក ដែលអាចបង្កការរញ្ជួយដល់សេដ្ឋកិច្ចពិភពលោក។ ប៉ុន្តែវានឹងផុតកំណត់នៅថ្ងៃទី១០ ខែវិច្ឆិកា ដូច្នេះជំនួបនៅសប្តាហ៍នេះ អាចជាឱកាសសំខាន់សម្រាប់ភាគីទាំង២ ក្នុងការរក្សាភាពស្ងប់ស្ងាត់ផ្នែកពាណិជ្ជកម្ម។
– មុនជំនួបរវាង ត្រាំ និង ស៊ី មន្ត្រីជាន់ខ្ពស់អាមេរិក និងចិន បានចាប់ផ្តើមចរចាគ្នានៅទីក្រុងញូវយ៉កកាលពីថ្ងៃអាទិត្យ។ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក ស្កុត បេសិនថ៍ បានជួបអនុប្រធានរដ្ឋាភិបាលចិន លោក ហឺ លីហ្វឹង ដោយមានតំណាងពាណិជ្ជកម្មអាមេរិក លោក ជេមីសុន ហ្គ្រៀរ ចូលរួមផងដែរ។
– កិច្ចពិភាក្សានោះ បានផ្តោតលើពន្ធគយ ពាណិជ្ជកម្ម រ៉ែកម្រ និងបញ្ញាសិប្បនិម្មិត (AI)។ ភាគីទាំង២ ក៏បានពិភាក្សាពីគំនិតបង្កើតយន្តការមួយ ដើម្បីឱ្យអាមេរិក និងចិនជូនដំណឹងគ្នាអំពីការអភិវឌ្ឍ AI ដែលអាចពាក់ព័ន្ធនឹងសន្តិសុខជាតិ។
– លោក បេសិនថ៍ បានពណ៌នាកិច្ចពិភាក្សាថា មាន «វឌ្ឍនភាពយ៉ាងល្អ» ខណៈលោក ហ្គ្រៀរ បាននិយាយថា ភាគីទាំង ២ កំពុងធ្វើការរួមគ្នា ដើម្បីបង្កើនពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំង២។ កន្លងមក លោក ហ្រ្គី បានឱ្យដឹងថា អាមេរិក និងចិន អាចចេញការប្រកាសមួយចំនួនពាក់ព័ន្ធនឹង កសិកម្ម និងរបាំងពាណិជ្ជកម្មមិនមែនជាពន្ធ ក្រោយ ត្រាំ និង ស៊ី ជួបគ្នា។
– លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន ដើរទស្សនាបរិវេណប្រាសាទសួគ៌ា ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦។ រូបថត៖ REUTERS
សម្រាប់លោក ត្រាំ កិច្ចព្រមព្រៀងដែលអាចបង្កើនការទិញផលិតផលអាមេរិកពីចិន អាចជាលទ្ធផលមួយដែលលោកចង់ឃើញ ខណៈចិនបានប្តេជ្ញាបង្កើនការទិញផលិតផលកសិកម្មអាមេរិក និងយន្តហោះ Boeing ក្នុងការចរចាកន្លងមក។
– អ្នកជំនាញលើកឡើងផងដែរថា ចិនក៏ប្រហែលជាចង់ឱ្យអាមេរិកបន្ធូរបន្ថយពន្ធ និងការរឹតត្បឹតមួយចំនួនលើបច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មជាមួយក្រុមហ៊ុនចិនផងដែរ។ រ៉យទ័ររាយការណ៍ថា គណៈប្រតិភូធុរកិច្ចចិន ដែលអាចមានក្រុមហ៊ុនមួយចំនួនកំពុងប្រឈមនឹងការត្រួតពិនិត្យពីអាជ្ញាធរអាមេរិក នឹងអមដំណើរលោក ស៊ី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីស្វែងរកឱកាសចូលទីផ្សារអាមេរិកកាន់តែទូលំទូលាយ។
– គេមើលឃើញថា ជម្លោះពាណិជ្ជកម្មនៅតែបន្ត ក្នុងពេលដែលការនាំចេញរបស់ចិននៅតែមានភាពរឹងមាំ។ អតិរេកពាណិជ្ជកម្មរបស់ចិនជាមួយពិភពលោក ត្រូវបានរំពឹងថានឹងលើស ១ ទ្រីលានដុល្លារ ជាឆ្នាំទី ២ ជាប់ៗគ្នា ដែលនោះ អាចប៉ះប៉ូវជាមួយផលប៉ះពាល់ ដែលចិនកំពុងប្រឈមនឹងកម្សោយតម្រូវការក្នុងស្រុក និងវិបត្តិអចលនទ្រព្យដែលអូសបន្លាយ។
– ក្រៅពីពាណិជ្ជកម្ម បញ្ហាតៃវ៉ាន់ និងសង្គ្រាមនៅអ៊ីរ៉ង់ ក៏អាចក្លាយជាប្រធានបទធំក្នុងជំនួប ត្រាំ-ស៊ី។ អាមេរិកចង់ឱ្យចិនប្រើឥទ្ធិពលរបស់ខ្លួនលើអ៊ីរ៉ង់ ខណៈបញ្ហាតៃវ៉ាន់ នៅតែជាចំណុចរសើបបំផុតមួយក្នុងទំនាក់ទំនងរវាងវ៉ាស៊ីនតោន និងប៉េកាំង។
– អ្នកវិភាគមិនរំពឹងថា ជំនួបនេះនឹងបញ្ចប់ដោយកិច្ចព្រមព្រៀងធំៗជាច្រើនភ្លាមៗនោះទេ។ អ្វីដែលសំខាន់ជាងគេ គឺថាតើមេដឹកនាំទាំង២ អាចរក្សាស្ថិរភាពទំនាក់ទំនង និងបន្តបទឈប់ពន្ធបានឬអត់។
– អ្នកជំនាញម្នាក់មកពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) លោក Scott Kennedy បាននិយាយថា ការដាក់សម្ពាធខ្លាំងពីភាគីម្ខាងមិនបានធ្វើឱ្យចិនផ្លាស់ប្តូរតាមការរំពឹងទុកឡើយ។ លោកបានសង្ខេបស្ថានភាពបច្ចុប្បន្នថា៖ «ឥឡូវនេះ វាជាពិភពរបស់ ស៊ី ជីនពីង ហើយយើងទាំងអស់គ្នាកំពុងរស់នៅក្នុងពិភពនោះ»។

