ភ្នំពេញះ – លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់ថ្នាក់ដឹកនាំ មន្ត្រីសុខាភិបាល និង ភាគីពាក់ព័ន្ធទាំងអស់ បន្តពង្រឹងការអនុវត្តគោលនយោបាយសុវត្ថិភាពអ្នកជំងឺ ការអភិវឌ្ឍប្រព័ន្ធថែទាំសុខភាពជាបឋម និង ការយកចិត្តទុកដាក់ខ្ពស់លើការថែទាំអ្នកជំងឺមិនឆ្លង ដើម្បីរួមចំណែកឆ្ពោះទៅសម្រេចគោលដៅជាតិ និង សកល។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ការអំពាវនាវនេះបានធ្វើឡើងកាលពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២៦ ក្នុងទិវាពិភពលោកសុវត្ថិភាពអ្នកជំងឺ ស្តីពី «ការថែទាំប្រកបដោយសុវត្ថិភាពសម្រាប់ជំងឺមិនឆ្លង និង ពាក្យស្លោក ៖ «ការថែទាំប្រកប ដោយសុវត្ថិភាព ដើម្បីជីវិត!»។
– កសស-លោកសាស្រ្តាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា ការប្រារព្ធទិវាសុវត្ថិភាពអ្នកជំងឺ ស្របគ្នាទៅនឹង យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានចាត់ទុកការលើកកម្ពស់សុខុមាលភាពប្រជាជន គឺជាអាទិភាពគន្លឹះក្នុងការអភិវឌ្ឍធនធានមនុស្ស។ ជាងនេះទៅទៀត ការធានាឲ្យបាននូវសុវត្ថិភាពអ្នកជំងឺក្នុងការថែទាំជំងឺ ជាពិសេសជំងឺមិនឆ្លង។

-លោករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍គន្លឹះ ៤ ចំណុចសំខាន់ៗ ដល់មន្ត្រីសុខាភិបាល ក្នុងការថែទាំជំងឺ ជាពិសេសជំងឺមិនឆ្លង ក្នុងនោះរួមមាន ៖ ១.កសាង«វប្បធម៌សុវត្ថិភាព»។ ២.លើកកម្ពស់ការយល់ដឹង និង ការយកចិត្តទុកដាក់ដល់អ្នកដឹកនាំសុខាភិបាល មន្ត្រីសុខាភិបាល និង សាធារណជន អំពីបញ្ហាប្រឈម នៃសុវត្ថិភាពអ្នកជំងឺពាក់ព័ន្ធ ជាពិសេសជំងឺមិនឆ្លង។ ៣.ជំរុញការចូលរួមពីអ្នកជំងឺ និង សហគមន៍ ក្នុងការកំណត់ស្វែងរកហានិភ័យសុវត្ថិភាព និង ការរួមគ្នាកសាងដំណោះស្រាយចំពោះអ្នកជំងឺក្នុងការផ្តល់សេវាថែទាំសុខភាព និង ៤.មន្រ្តីសុខាភិបាលគ្រប់កម្រិតដែលជាអ្នកទ្រទ្រង់បន្ទុកផ្ទាល់ នៃការងារនេះ និង សូមបន្តការយកចិត្តទុកដាក់ដល់អ្នកជំងឺ ជាពិសេសអ្នកជំងឺរ៉ាំរ៉ៃ ដែលត្រូវត្រឡប់មកទទួលសេវានៅមូលដា្ឋនសុខាភិបាលឲ្យកាន់តែងាយស្រួល។

-គួរបញ្ជាក់ថា នៅទូទាំងសកលលោក ជំងឺមិនឆ្លង គឺជាមូលហេតុចម្បង នៃការស្លាប់រហូតដល់ប្រមាណ បីភាគបួន (៧៥%) នៃករណីស្លាប់សរុប។ ទិន្នន័យពិភពលោក បង្ហាញថា អ្នកជំងឺប្រមាណ ១ នាក់ ក្នុងចំណោម ១០ នាក់ បានជួបប្រទះគ្រោះថ្នាក់ ឬ ការប៉ះពាល់ដោយអចេតនានៅចំណុចណាមួយក្នុងដំណើរ នៃការថែទាំសុខភាព ហើយអ្វីដែលសំខាន់នោះគឺជិតពាក់កណ្តាល នៃគ្រោះថ្នាក់ទាំងនោះ ជាគ្រោះថ្នាក់អាចទប់ស្កាត់បាន៕

