អន្តរជាតិះ – ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ត្រូវបានគេរាយការណ៍ថា បានដួលសន្លប់ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល BRICS នៅទីក្រុងញូវដេលី ដោយមានការសន្និដ្ឋានថាជាសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាលធ្ងន់ធ្ងរ។ នេះបើយោងតាមលោក Wanjun Xie ដែលជាអ្នកប្រឆាំងនឹងរដ្ឋាភិបាលចិន ដែលបានបង្ហោះនៅលើបណ្តាញសង្គម X ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ព័ត៌មាននេះ មិនត្រូវបានបញ្ជាក់ដោយអាជ្ញាធរឡើយ ហើយក៏មិនមានភស្តុតាងដែលបង្ហាញថាវាពិតជាកើតឡើងឬយ៉ាងណានោះទេ។

– ការបង្ហោះរបស់លោក Wanjun បានឱ្យដឹងថា លោក ស៊ី បានត្រឡប់ទៅប្រទេសចិនវិញ ហើយត្រូវបានបញ្ជូនតាមឧទ្ធម្ភាគចក្រយោធាពីព្រលានយន្តហោះទីក្រុងប៉េកាំង ទៅកាន់មន្ទីរពេទ្យទូទៅនៃកងទ័ពរំដោះប្រជាជនចិន ដែលគេស្គាល់ថាជាមន្ទីរពេទ្យលេខ ៣០១ (Hospital 301)។
– លោក Wanjun បន្តថា មេដឹកនាំចិនរូបនេះ កំពុងត្រូវបានក្រុមគ្រូពេទ្យធ្វើរោគវិនិច្ឆ័យ ហើយមិនទាន់បានទទួលការព្យាបាលនៅឡើយទេ បន្ទាប់ពីចេញពីមន្ទីរពេទ្យនៅឥណ្ឌាត្រឡប់ទៅទីក្រុងប៉េកាំងវិញ។
– ទោះជាយ៉ាងណា ការបង្ហោះនេះ រងការរិះគន់ និងវាយប្រហារពីសំណាក់អ្នកតាមដានជាច្រើន ដោយអះអាងថា មិនមែនជាការពិតនោះទេ។
– កាលវិភាគដែលបានចេញផ្សាយដោយប្រទេសចិន បង្ហាញពីការចាកចេញរបស់លោក ស៊ី នៅថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចចូលរួមកិច្ចប្រជុំកំពូល ដោយមិនមានការខកខាន ឬបញ្ហាអ្វីកើតឡើងនោះទេ។
– លើសពីនេះ មិនមានរបាយការណ៍ ដែលបញ្ជាក់អំពីស្ថានភាពសុខភាពរបស់លោក ស៊ី បន្ទាប់ពីត្រឡប់មកដល់ទីក្រុងប៉េកាំងវិញនោះទេ។
– គួរបញ្ជាក់ថា គិតត្រឹមថ្ងៃព្រហស្បតិ៍នេះ ទាំងអាជ្ញាធរចិន និងឥណ្ឌា មិនបានបញ្ជាក់ថា លោក ស៊ី បានដួលសន្លប់ដែលបណ្ដាលមកពីអាការៈនៃជំងឺដាច់សរសៃឈាមខួរក្បាល ឬបញ្ជូនទៅមន្ទីរពេទ្យនៅឡើយនោះទេ ហើយក៏មិនមានឯកសារវេជ្ជសាស្ត្រ ក៏ដូចជាសេចក្តីថ្លែងការណ៍ពីមន្ទីរពេទ្យ ឬភស្តុតាងឯករាជ្យផ្សេងទៀត ត្រូវបានបង្ហាញនោះដែរ។ ស្ថានភាពសុខភាពរបស់ប្រធានាធិបតីចិនរូបនេះ នៅតែមិនទាន់ត្រូវបានគេដឹងថាយ៉ាងមិចនៅឡើយ៕
