កម្ពុជាបើកដំណើរការរោងចក្រផ្គុំ និងដំឡើងរថយន្តមួយបន្ថែមទៀតនៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំងះ – កម្ពុជាបើកដំណើរការនូវរោងចក្រឧស្សាហកម្មយានយន្តមួយបន្ថែមទៀត ក្រោមការបោះទុនវិនិយោគរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកធឺរីង (TH Automotive Manufacturing) នោះគឺរោងចក្រផ្គុំ និងដំឡើងរថយន្តGAC​។ ការបើកដំណើរការជាផ្លូវការនូវខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាកGACនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាពរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា​​ ដែលរោងចក្រនេះមានទីតាំងក្នុងខេត្តកំពង់ឆ្នាំង។

– គម្រោងវិនិយោគរបស់ក្រុមហ៊ុន​ គឺខ្សែច្រវាក់ផលិតកម្មរថយន្តម៉ាកGAC ដែលមានសមត្ថភាពផលិតសរុបប្រមាណ២ម៉ឺនគ្រឿងក្នុងមួយឆ្នាំសម្រាប់​​បម្រើ​ឱ្យទីផ្សារនៅក្នុងស្រុករង្វង់៩០ភាគរយ និងនាំចេញ១០ភាគរយ ដោយប្រើប្រាស់ទុនវិនិ​យោគ​​សរុប​ប្រមាណជិត២០លានដុល្លារអាម៉េរិក។ រោងចក្រផ្គុំ និងដំឡើងរថយន្តនេះបានប្រើប្រាស់កម្លាំងក្នុងស្រុកសរុបចំនួន២៥០នាក់ ស្រី២០នាក់ និងអ្នកបច្ចេកទេសបរទេស ២នាក់។

– ដោយមានការជួយជ្រោមជ្រែង និងគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំ​ង​អាជ្ញា​​ធរ​មូលដ្ឋានផងនោះ ​បច្ចុ​ប្បន្នក្រុមហ៊ុនដំឡើងសាកល្បងបានរថយន្ត​សរុប២១៣​គ្រឿង បន្ទាប់ពីក្រុមហ៊ុនដាក់ដំណើរការសាកល្បងកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២៦។

– វត្តមានរោងចក្រផ្គុំ និងដំឡើងរថយន្តGAC បានបង្ហាញពីដំណើរវិវត្តន៍ដ៏ល្អប្រសើរក្នុងឧស្សាហកម្មយានយន្តនៅកម្ពុជា ខណៈដែលបច្ចុប្បន្ននៅកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្តសរុបចំនួន១៥ ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងស់រោងចក្រ។ លើកឡើងនៅក្នុងពិធីសម្ពោធរោងចក្រផ្គុំនិងដំឡើងរថយន្តGAC នៅព្រឹកថ្ងៃនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងចំណោមរោងចក្រទាំង១៥នោះ មានរោងចក្រកំពុងដំណើរការចំនួន១០ រោងចក្រពុំទាន់ដំណើរការចំនួន២ និង៣ផ្សេងទៀតស្ថិតក្នុងគម្រោង។

– បើតាមការបញ្ជាក់បន្ថែមពីសម្ដេចធិបតី គិតជាទុនវិនិយោគសរុបក្នុងវិស័យនេះមានសរុប២៤៨លានដុល្លារ ដែលក្នុងនោះទុនវិនិយោគសរុបក្នុងស្រុក​ ២៨% និងទុនវិនិយោគពីបរទេសសរុប ៧២% ដោយបានបង្កើតការងារសរុប២៧៧៤កន្លែង។

– ក្នុងវិស័យឧស្សាហកម្មផ្គុំ និងដំឡើងរថយន្តនេះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បញ្ជាក់ថា រាជរដ្ឋាភិបាលនឹងដាក់ចេញនូវគោលនយោបាយលើកទឹកចិត្តមួយចំនួនថែមទៀតនាពេលខាងមុខ​ ដើម្បីជួយដល់ឧស្សាហកម្មនេះកាន់តែមានបរិយាកាសវិនិយោគល្អប្រសើរ។ សម្ដេចធិបតី បន្តថា កម្ពុជាមិនប្រញាប់ចង់បានរោងចក្រផ្គុំ និងដំឡើងរថយន្តច្រើននោះទេ។ ប៉ុន្ដែត្រូវមានការពង្រឹងចំពោះរោងចក្រ និងក្រុមហ៊ុនដែលមានស្រាប់ឱ្យរស់ឱ្យរីក ដែលមកវិនិយោគនៅកម្ពុជា៕

You might like