យានយន្តអគ្គិសនីចុះបញ្ជីសរុបកើន​ដល់ ២២ ៧៩៣ គ្រឿង គិតត្រឹមខែសីហា ឆ្នាំ២០២៦

ភ្នំពេញះ – គិតត្រឹមខែសីហា ឆ្នាំ២០២៦ កម្ពុជា​មាន​យានយន្តអគ្គិសនី​ចុះ​បញ្ជីសរុប​មាន​ចំនួន ២២ ៧៩៣ គ្រឿង ក្នុងនោះរថយន្តអគ្គិសនី​មានចំនួន ១៦ ៩២៦ គ្រឿង ទោចក្រ​យានយន្ត​ចំនួន ៤ ៩៧៤ គ្រឿង និង​ត្រីចក្រយានយន្ត​មាន​ចំនួន ៨៩៣ គ្រឿង។

– លោក ផន រឹម មន្ត្រីអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ប្រជាពលរដ្ឋ​កំពុង​មានការចាប់អារម្មណ៍ និង​សុទិដ្ឋិនិយមកាន់តែច្រើនចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែល​កំពុងក្លាយជានិន្នាការថ្មីក្នុងវិស័យដឹកជញ្ជូននៅកម្ពុជា។

– យានយន្តអគ្គិសនីត្រូវបាន​មើលឃើញថា អាចជួយកាត់បន្ថយការចំណាយប្រចាំថ្ងៃ មានភាពងាយ​ស្រួលក្នុង​ការប្រើប្រាស់ និងកាត់បន្ថយការបញ្ចេញសារធាតុបំពុលទៅក្នុងបរិយាកាស ខណៈ​ក្រុមហ៊ុន​ផលិតយានយន្តអគ្គិសនីមួយចំនួន​អះអាងថា យានយន្តប្រភេទនេះ​អាចមាន​ការបញ្ចេញ​ឧស្ម័នពុលនៅកម្រិតសូន្យនៅពេលដំណើរការ។

– ជាមួយនឹងកំណើននៃការប្រើប្រាស់យានយន្តអគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធស្ថានីយ​សាកថាមពល​ក៏ត្រូវបានពង្រីកជា​បន្តបន្ទាប់។

– បើ​តាមប្រភពអាជ្ញាធរអគ្គិសនីកម្ពុជា បច្ចុប្បន្នស្ថានីយសាកយានយន្តអគ្គិសនី​បានកើនឡើង​ដល់​ជាង ៤០០ ទីតាំង ទូទាំងប្រទេស។

– ការពង្រីកស្ថានីយសាក EV ទាំងនេះ ត្រូវបានចាត់ទុកថាជាផ្នែកមួយ​នៃការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​ដល់ការផ្លាស់ប្តូរទៅប្រើប្រាស់យានយន្តស្អាត និងថាមពលបៃតងនៅកម្ពុជា។

– អាជ្ញាធរអគ្គិសនីកម្ពុជាបានឱ្យដឹងថា ការរៀបចំស្ថានីយសាកយានយន្តអគ្គិសនី​ត្រូវមានការគ្រប់គ្រង​ប្រព័ន្ធអគ្គិសនី​ឱ្យ​បានច្បាស់លាស់ ដោយសារស្ថានីយមួយចំនួន​ត្រូវការប្រើប្រាស់​អានុភាព​អគ្គិសនី​ខ្ពស់ ដែលអាចប្រហាក់ប្រហែលនឹងតម្រូវការរបស់រោងចក្រ ឬសហគ្រាស​ឧស្សាហកម្ម​ខ្នាតធំ។

– ចំពោះទីតាំងសាធារណៈដែលបម្រើប្រយោជន៍រួម ដូចជា សួនច្បារ កន្លែងហាត់ប្រាណ ឬបរិវេណ​ស្ថាប័នរដ្ឋ អគ្គិសនីកម្ពុជាតែងទទួលសំណូមពរពីរាជធានី-ខេត្ត ដើម្បីចូលរួមវិនិយោគ​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​សាក EV សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់។

– សម្រាប់ទីតាំងអាជីវកម្មរបស់បុគ្គល ឬក្រុមហ៊ុនឯកជន ដែលមានការប្រើប្រាស់អគ្គិសនីច្រើន និង​មាន​លក្ខណៈអចិន្ត្រៃយ៍ អគ្គិសនីកម្ពុជាអាចគាំទ្រការរៀបចំបណ្តាញអគ្គិសនី និងត្រង់ស្វូរ ដោយ​កន្លង​មកមានការវិនិយោគទឹកប្រាក់រាប់ម៉ឺនដល់រាប់សែនដុល្លារនៅតាមទីតាំងមួយចំនួន។

– រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចដល់ក្រសួងរ៉ែ និងថាមពល ក្នុងការរៀបចំ គ្រប់គ្រង និងពង្រីកការ​ដំឡើង​ស្ថានីយ​សាកថ្ម ឬសាក​ថាមពលយានយន្តអគ្គិសនីឱ្យបានទូលំទូលាយទូទាំងប្រទេស។

– ការពង្រីកស្ថានីយសាក EV ក៏ត្រូវធានាឱ្យបាននូវស្តង់ដារគុណភាព និងសុវត្ថិភាព ដើម្បីធានា​ដល់ការ​ប្រើប្រាស់​ប្រកបដោយទំនុកចិត្តរបស់ប្រជាពលរដ្ឋ។

– រាជរដ្ឋាភិបាលកម្ពុជាកំពុងជំរុញការប្រើប្រាស់យានយន្តអគ្គិសនី ដើម្បីចូលរួមកាត់បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះកញ្ចក់ និងគាំទ្រគោលដៅអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០។

– តាមផែនការរបស់រដ្ឋាភិបាល កម្ពុជាមានគោលដៅបង្កើន​សមាមាត្រការប្រើប្រាស់​រថយន្តអគ្គិសនី​ឱ្យបាន​ប្រមាណ ៣៥%–៤០% និង​ម៉ូតូអគ្គិសនីឱ្យបានដល់ ៧០% នៅឆ្នាំ២០៥០៕

 

You might like