អន្តរជាតិះ- តម្លៃប្រេងឆៅអន្តរជាតិបានបន្តធ្លាក់ចុះនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីអារ៉ាប៊ីសាអូឌីតបានផ្ដល់ជូនការដឹកជញ្ជូនប្រេងឆៅបន្ថែមតាមរយៈប្រទេសអូម៉ង់ ដោយជួយបន្ធូរបន្ថយកង្វល់ផ្នែកផ្គត់ផ្គង់ប្រេងពីមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,២៤ ដុល្លារ ឬ ១,២% មកនៅត្រឹម ១០៤,៥៩ ដុល្លារ/បារ៉ែល គិតត្រឹមម៉ោងជិត ៩ ព្រឹកនៅទីក្រុងហុងកុង ខណៈតម្លៃប្រេង WTI របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ១,១៤ ដុល្លារ ឬ ១,១% មកនៅ ១០១,២៩ ដុល្លារ/បារ៉ែល។
– តម្លៃប្រេងទាំង២ បានធ្លាក់ចុះប្រមាណ ៣ ដុល្លារ ពេលបិទការជួញដូរកាលពីថ្ងៃពុធ។
– អ្នកវិភាគមួយចំនួនបាននិយាយថា ការដឹកជញ្ជូនប្រេងរបស់អារ៉ាប៊ីសាអូឌីតតាមរយៈអូម៉ង់ បានជួយកាត់បន្ថយក្តីបារម្ភអំពីការខ្វះខាតប្រេង។ ទន្ទឹមនឹងនេះ ក្តីរំពឹងថាភាពតានតឹងនៅមជ្ឈិមបូព៌ាអាចធូរស្រាល មុនជំនួបកំពូលរវាងសហរដ្ឋអាមេរិក និងចិននៅសប្តាហ៍ក្រោយ ក៏បានដាក់សម្ពាធលើតម្លៃប្រេងផងដែរ។
– អារ៉ាប៊ីសាអូឌីតកំពុងបង្កើនការដឹងប្រេងឆៅបន្ថែមទៅកាន់រោងចក្រចម្រាញ់ប្រេងនៅអាស៊ី តាមរយៈការផ្ទេរប្រេងពីនាវាមួយទៅនាវាមួយនៅតំបន់ឆ្នេរ Sohar ប្រទេសអូម៉ង់។ វិធានការនេះ អាចជួយប៉ះប៉ូវពីផលរំខាននៃការបិទបំពង់បង្ហូរលិច-កើតរបស់អារ៉ាប៊ីសាអ៊ូឌីត។
– គួរគូសបញ្ជាក់ថា តម្លៃប្រេងបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលប្រហែល ៤ ខែនៅដើមសប្តាហ៍នេះ ជុំវិញភាពតានតឹងនៃជម្លោះអាមេរិក-អ៊ីរ៉ង់ និងការបិទបំពង់បង្ហូរប្រេងលិច-កើត ក្រោយរងការវាយប្រហារដោយដ្រូន។
– ទោះបីតម្លៃប្រេងធ្លាក់ចុះនៅពេលនេះក៏ដោយ ក្ដីបារម្ភពីកំណើនភាពតានតឹងនៃសង្គ្រាមនៅមជ្ឈិមបូព៌ានៅតែបន្ត ដែលធ្វើឱ្យតម្លៃនៅតែមានទំនោរខ្ពស់៕

