អន្តរជាតិះ – ក្រសួងការពារជាតិកូរ៉េខាងជើង បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយអះអាងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង កំពុងត្រៀមខ្លួនរួចរាល់ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងគីមី រួមទាំងជីវសាស្ត្រ ឬគេស្គាល់ថា WMD ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ក្រោមលេសនៃការឆ្លើយតបទៅនឹងការគំរាមកំហែងនៃការសាកល្បងមីស៊ីល និងអាវុធផ្សេងៗ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សេចក្តីថ្លែងការណ៍ដដែល បានបន្ថែមថា នេះគឺជាការប្រកាសយ៉ាងច្បាស់លាស់អំពីការប្រឈមមុខដាក់គ្នាដែលមានគោលបំណងប្រើប្រាស់អាវុធនុយក្លេអ៊ែរ គីមី និងជីវសាស្ត្រ ឬ WMD ប្រឆាំងនឹងរដ្ឋរបស់យើងក្នុងករណីមានសង្គ្រាមនៅលើឧបទ្វីបកូរ៉េ។
– សេចក្តីថ្លែងការណ៍នេះ កើតឡើងបន្ទាប់ពីកិច្ចប្រជុំមួយ កាលពីថ្ងៃទី ១០ ខែកញ្ញា របស់គណៈកម្មការសហរដ្ឋអាមេរិក-កូរ៉េខាងត្បូង ស្តីពីការឆ្លើយតបទៅនឹងកម្មវិធីសាកល្បងនុយក្លេអ៊ែរ ឬមីស៊ីលកូរ៉េខាងជើង។
– យោងតាមទីក្រុងព្យុងយ៉ាង ភាគីទាំងពីរក៏បានព្រមព្រៀងគ្នាលើការអភិវឌ្ឍការផ្លាស់ប្តូរព័ត៌មាន ការពង្រឹងសមត្ថភាពឆ្លើយតបរួមគ្នា និងការបង្កើនសកម្មភាពសមយុទ្ធពាក់ព័ន្ធនានា។
– ទន្ទឹមនោះ ក្រសួងការពារជាតិ ក៏បានកត់សម្គាល់ផងដែរថា សេណារីយ៉ូសម្រាប់ការឆ្លើយតបដោយប្រើប្រាស់អាវុធដែលមានអានុភាពបំផ្លាញខ្ពស់ (WMD) ត្រូវបានអនុវត្តក្នុងអំឡុងពេលសមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ដែលមានឈ្មោះថា «Freedom Shield»។ ទីក្រុងព្យុងយ៉ាង យល់ឃើញថា សកម្មភាពនេះបង្កើនហានិភ័យនៃការប្រើប្រាស់អាវុធប្រភេទនេះនៅក្នុងតំបន់។
– សេចក្តីថ្លែងការណ៍ បានសង្កត់ធ្ងន់ថា សហរដ្ឋអាមេរិក កំពុងអភិវឌ្ឍសកម្មភាពយោធាផ្នែកជីវសាស្ត្រនៅតាមទីតាំងនានាជុំវិញពិភពលោក និងកំពុងបែងចែកថវិកាសម្រាប់ការអភិវឌ្ឍ ការសាកល្បង និងការប្រើប្រាស់អាវុធគីមី និងជីវសាស្ត្រ។ ទីក្រុងព្យុងយ៉ាង បានចាត់ទុកការអះអាងរបស់ទីក្រុងវ៉ាស៊ីនតោនអំពីការគំរាមកំហែងដោយអាវុធដែលមានអានុភាពបំផ្លាញខ្ពស់លើប្រទេសដទៃទៀតថា ជាលេសសម្រាប់សកម្មភាពអភិវឌ្ឍន៍របស់ខ្លួននៅក្នុងវិស័យនេះ។
– គួរបញ្ជាក់ថា WMD គឺជាអាវុធប្រល័យលោក ដែលអាចសម្លាប់មនុស្សជាច្រើនក្នុងពេលដ៏ខ្លី និងបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ទីក្រុង ធម្មជាតិ ឬអគារនានាដែលជាគោលដៅ៕
