អន្តរជាតិះ – ភាគីដើមបណ្តឹង(ទួរគី)បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) នៅទីក្រុងឡាអេ (The Hague) ពាក់ព័ន្ធនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកលើនាវាដឹកទំនិញឈ្មោះ Reyhan Sari នៅសមុទ្រខ្មៅដែលបណ្តាលឱ្យនាវិកទួរគីម្នាក់ស្លាប់។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមការចុះផ្សាយរបស់គេហទំព័រព័ត៌មានដែនសមុទ្រ HaberDenizde ដែលដកស្រង់សម្តីលោក Nuri Koray Kurun ជាមេធាវីតំណាងឱ្យដើមបណ្តឹង បានលើកឡើងថា ភស្តុតាងដែលប្រមូលបានក្នុងករណីនេះ ត្រូវបានដាក់ជូនទៅការិយាល័យព្រះរាជអាជ្ញានៃតុលាការ ICC រួចរាល់ហើយ។
– ពាក្យបណ្តឹងនេះ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យបឋមដោយស្ថាប័នពាក់ព័ន្ធរបស់ ICC ដែលនឹងសម្រេចចិត្តថាតើត្រូវបើកការស៊ើបអង្កេតជាផ្លូវការលើករណីនេះឬយ៉ាងណា។ លោក Kurun បានប៉ាន់ស្មានថា ការត្រួតពិនិត្យបឋមអាចចំណាយពេលប្រហែល ៦ ខែ ហើយដំណើរការទាំងមូលអាចចំណាយពេលរហូតដល់ ២ ឆ្នាំ។
– ក្នុងចំណោមដើមបណ្តឹងទាំងនោះ រួមមានម្ចាស់នៃនាវា, នាវិកចំនួន ១២ នាក់ដែលនៅលើនាវាអំឡុងការវាយប្រហារ និងក្រុមគ្រួសាររបស់លោក Savas Cakar ដែលជានាវិកវ័យ ៥៤ ឆ្នាំដែលស្លាប់។
– ភាគីទួរគីចាត់ទុកថា អ៊ុយក្រែនគឺជាអ្នកបង្កឱ្យមានការវាយប្រហារនេះ។ យោងតាមលោក Kurun ភស្តុតាងសំខាន់មួយគឺវីដេអូដែលពាក់ព័ន្ធនឹងប្រតិបត្តិការរបស់អ៊ុយក្រែន ដែលមានគោលបំណងវាយប្រហារនាវាដែលមានទំនាក់ទំនងជាមួយរុស្ស៊ីនៅក្នុងសមុទ្រខ្មៅ និងសមុទ្រ Azov។
– លោក បានលើកឡើងថា ឯកសារពាក់ព័ន្ធនឹងប្រតិបត្តិការនេះ ក៏ដូចជាវីដេអូដែលបង្ហាញពីការវាយប្រហារលើនាវាទាំងនោះ ត្រូវបានបង្ហោះនៅលើគណនីបណ្តាញសង្គមផ្លូវការរបស់អ៊ុយក្រែនផងដែរ។
– គួរបញ្ជាក់ថា នាវា Reyhan Sari ត្រូវបានវាយប្រហារនៅថ្ងៃទី ២២ ខែកក្កដា ខណៈពេលកំពុងដឹកជញ្ជូនធ្យូងថ្មពីកំពង់ផែ Taman របស់រុស្ស៊ីទៅកាន់ទីក្រុង Trabzon៕

