ព្រះសីហនុះ – មន្ត្រីសាខាអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ ប្រកួតប្រជែង និងបង្ក្រាបការកែក្លែង (ក.ប.ប.) ខេត្តព្រះសីហនុ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះប្រតិបត្តិការស្រាវជ្រាវ និងប្រមូលសំណាកគំរូទំនិញសង្ស័យ ដើម្បីត្រួតពិនិត្យគុណភាព សុវត្ថិភាព និងការពារសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃសារធាតុគីមី កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– មន្ទីរពាណិជ្ជកម្មខេត្ត ក្រោមការដឹកនាំផ្ទាល់ពីលោក ឃុន ស៊ីម៉ន ប្រធានសាខា ក.ប.ប. ខេត្តព្រះសីហនុ បានចុះប្រតិបត្តិការស្រាវជ្រាវ និងប្រមូលសំណាកគំរូទំនិញសង្ស័យ ដើម្បីត្រួតពិនិត្យគុណភាព និងសុវត្ថិភាព ព្រមទាំងការពារសុខភាពប្រជាពលរដ្ឋពីគ្រោះថ្នាក់នៃសារធាតុគីមីដ៏គ្រោះថ្នាក់។
– បើយោងតាមរបាយការណ៍ពីមន្ត្រីជំនាញ ការចុះប្រតិបត្តិការនេះបានផ្តោតសំខាន់លើប្រភេទផលិតផលចំនួនពីរក្រុមធំៗ រួមមាន ៖ គ្រឿងសំណង់ រួមមាន ស្មាតបត (Smartboard) ហ្វីប្រូស៊ីម៉ង់ត៍ ពិដាន/ម្នាងសិលា/បិតស៊ីម៉ង់ត៍ ក្បឿង ការ៉ូឈើ និងផ្លែម៉ូទ័រកាត់ដែក/ខាត់ឈើ។ សម្រាប់គ្រឿងបន្លាស់ម៉ូតូ រួមមាន ស្បែកហ្វាំង ទ្រនាប់រ៉ងម៉ាស៊ីន និងអំបោះឆៅរុំស៊ីម៉ាំង។
– មន្ត្រីជំនាញបានបញ្ជាក់ថា សារធាតុអាសបេស្តុស (Asbestos) ជាប្រភេទរ៉ែធម្មជាតិ ដែលអង្គការសុខភាពពិភពលោក (WHO) ចាត់ថ្នាក់ជាសារធាតុគីមីបង្កគ្រោះថ្នាក់កម្រិតធ្ងន់ធ្ងរ និងជាភ្នាក់ងារបង្កជំងឺមហារីកលើមនុស្ស។ សារធាតុនេះអាចបង្កជាជំងឺមហារីកស្រោមសួត (Mesothelioma), មហារីកសួត, ជំងឺអាសបេស្តូស៊ីស (Asbestosis) និងជំងឺមហារីកផ្សេងៗទៀត។
– ប្រភពដដែលបានបន្ថែមថា សារធាតុពុលនេះគ្មានក្លិន និងមើលមិនឃើញដោយភ្នែកទទេឡើយ ហើយវានឹងបញ្ចេញជាធូលីល្អិតៗហោះក្នុងអាកាស នៅពេលមានការកែច្នៃ កាត់ ស្វាន ខាត់ ការកកិតស្បែកហ្វាំង ឬការបាក់បែកអគារចាស់ៗ។ អ្វីដែលគួរឱ្យព្រួយបារម្ភគឺ រយៈពេលសម្ងំនៃជំងឺមានចន្លោះពី ១០ ទៅ ៤០ឆ្នាំ ទើបបង្ហាញរោគសញ្ញា។ លើសពីនេះ សំណល់ដែលមានផ្ទុកសារធាតុនេះក៏អាចបំពុលដី ទឹក ខ្យល់ និងបង្កបន្ទុកសេដ្ឋកិច្ចធ្ងន់ធ្ងរលើការព្យាបាលផងដែរ។

– ក្នុងឱកាសនោះ មន្ត្រីជំនាញក៏បានថ្លែងអំណរគុណដល់អាជីវករដែលបានចូលរួមសហការយ៉ាងល្អ ព្រមទាំងបន្តអំពាវនាវឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះផលិតផលដែលមានផ្ទុកសារធាតុអាសបេស្តុសនេះ៕

