អន្តរជាតិះ – តម្លៃប្រេងសកល បានបន្តកើនឡើង នៅថ្ងៃអង្គារនេះ ដោយសារក្តីបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់នៅតែបន្តកើតមាន បន្ទាប់ពីការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អារ៉ាប៊ីសាអូឌីត បានធ្វើឱ្យបំពង់បង្ហូរប្រេងពីភាគខាងកើតទៅភាគខាងលិច (East-West pipeline) របស់ប្រទេសនេះត្រូវផ្អាកដំណើរការ និងបង្កឱ្យមានការសង្ស័យលើកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយហានិភ័យនៃការដឹកជញ្ជូននៅក្នុងតំបន់ឈូងសមុទ្រ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តម្លៃប្រេងឆៅ Brent បានកើនឡើង ១,២៤ ដុល្លារ ឬ ១,១៨ ភាគរយ ស្មើនឹង ១០៦,៩៣ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើង ១ ភាគរយ កាលពីម្សិលមិញ ខណៈដែលប្រេងឆៅអាមេរិក West Texas Intermediate (WTI) ហក់ឡើង ១,២៩ ដុល្លារ ឬ ១,២៤ ភាគរយ ស្មើនឹង ១០២,៦៥ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពីកើនឡើង ១,៣ ភាគរយ។

– កងកម្លាំងហ៊ូធី (Houthi) ដែលមានអ៊ីរ៉ង់គាំទ្រនៅក្នុងប្រទេសយេម៉ែន បានបើកការវាយប្រហារថ្មីមួយទៀតលើប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃចន្ទ ខណៈដែលបណ្តាប្រទេសអារ៉ាប់នៅតំបន់ឈូងសមុទ្រ ពន្យារពេលពិភាក្សាដែលបានគ្រោងទុកជាមួយអ៊ីរ៉ង់។ ស្ថានការណ៍នេះ បានបង្កើនក្តីបារម្ភថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងរីករាលដាលកាន់តែធំ និងបង្កការរំខានដល់ការផ្គត់ផ្គង់ប្រេងពិភពលោក។
– គួរបញ្ជាក់ថា ក្រុមហ៊ូទីបានធ្វើការវាយប្រហារដោយប្រើមីស៊ីល និងយន្តហោះគ្មានមនុស្សបើក (drone) ទៅលើមូលដ្ឋានទ័ពអាកាស Khamis Mushait នៅភាគខាងត្បូងប្រទេសអារ៉ាប៊ីសាអូឌីត ដោយវាយប្រហារចំឃ្លាំងយន្តហោះ ប្រព័ន្ធរ៉ាដា ផ្លូវរត់សម្រាប់យន្តហោះ និងឃ្លាំងស្តុកគ្រាប់រំសេវ ដើម្បីជាការសងសឹកចំពោះការវាយប្រហាររបស់អារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន៕
