ភ្នំពេញះ – បារាំងសន្យានឹងជួយដល់វិស័យការពារជាតិកម្ពុជា ដោយការពង្រឹងនូវសមត្ថភាពកងទ័ព។ នេះគឺជាការលើកឡើងរបស់ឧត្តមសេនីយ៍ទោ ស្តេហ្វាន រីឈូ (Stephane RICHOU) ប្រធាននាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិបារាំង ក្នុងជំនួបពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិកម្ពុជា។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងជំនួប ដែលធ្វើឡើងនៅស្ដីទីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី ១៤ កញ្ញា ឆ្នាំ២០២៦ លោក ស្តេហ្វាន រីឈូ អះអាងថា ភាគីបារាំងមានគោលជំហរខិតខំប្រឹងប្រែងចូលរួមចំណែក លើកកម្ពស់វិស័យកងទ័ពកម្ពុជានូវរាល់សំណូមពរនានារបស់ភាគីកម្ពុជា។
– លោកបានវាយតម្លៃខ្ពស់ចំពោះប្រវត្តិសាស្ត្រយូរអង្វែង និងមិត្តភាពដ៏ជិតស្និទ្ធបំផុតរវាងប្រទេសកម្ពុជា និងបារាំង រហូតបន្តដល់ពេលបច្ចុប្បន្ននេះ។ លោក ក៏បានលើកឡើងពីកិច្ចការមួយចំនួនដែលនាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិបារាំង នឹងសហការជាមួយកងទ័ពកម្ពុជានាពេលខាងមុខ។
– ជាការឆ្លើយតប លោកនាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ បានអរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាក្រសួងការពារជាតិបារាំង ដែលតែងតែបានជួយឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ ទាំងការបណ្តុះបណ្តាល ហ្វឹកហ្វឺន ការផ្ដល់ឧបករណ៍ និងសម្ភារៈ ព្រមទាំងមធ្យោបាយលើកកម្ពស់សមត្ថភាពកងកម្លាំងរក្សាសន្តិភាពលើវិស័យមនុស្សធម៌កន្លងមក។
– តាមរយៈជំនួយឧបត្ថម្ភទាំងនេះ លោក បញ្ជាក់ថា បានធ្វើឱ្យកម្ពុជាសម្រេចនូវជោគជ័យជាបន្តបន្ទាប់ក្នុងការបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ តាមរយៈទស្សនកិច្ចរបស់លោក ស្តេហ្វាន រីឈូ នៅកម្ពុជាពេលនេះ លោក ចាយ សាំងយុន សង្ឃឹមថា កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកងទ័ពកម្ពុជា និងបារាំង នឹងបន្តឆ្ពោះទៅមុខឈានទៅរកភាពជាដៃគូកាន់តែជិតស្និទ្ធ។
– ជាការកត់សម្គាល់ ក្នុងជំនួបនោះ លោក ចាយ សាំងយុន ក៏បានលើកឡើងនូវបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ប្រាប់ទៅកាន់មន្ត្រីរបស់បារាំងរូបនេះផងដែរ។ ទាក់ទងនឹងបញ្ហាព្រំដែននេះ លោក ស្តេហ្វាន រីឈូ បានបញ្ជាក់ពីការគាំទ្ររបស់បារាំងដល់ការដោះស្រាយដោយសន្តិវិធី ហើយបញ្ជាក់ថា នាយកដ្ឋានទំនាក់ទំនងសន្តិសុខ និងការពារជាតិបារាំង មានតួនាទីចូលរួមជាមួយកម្ពុជា ដោយកម្ពុជាអាចធ្វើការជាមួយប្រធានសេនានុព័ន្ធ ក៏ដូចជាប្រធានបេសកកម្មសហប្រតិបត្តិការបារាំងនៅកម្ពុជា អំពីយន្តការផ្សេងៗដែលកម្ពុជានឹងត្រូវអនុវត្ត ដើម្បីដោះស្រាយជម្លោះនេះផងដែរ៕

