អន្តរជាតិះ – គិតត្រឹមព្រឹកថ្ងៃចន្ទ ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ តួលេខមនុស្សស្លាប់ ក្នុងសោកនាដកម្មលិចស្រឡាងដឹកអ្នកដំណើរ នៅប្រទេសឥណ្ឌូណេស៊ី បានកើនដល់ ៦នាក់ហើយ ខណៈ ១៣០នាក់ទៀត បាត់ខ្លួន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តាមការផ្សាយរបស់ BBC, ស្រឡាង Virgo Transport8 មានដឹកអ្នកដំណើរ ២១៣នាក់ និងសមាជិកនាវិក ៣០នាក់ បានចេញដំណើរកាលពីថ្ងៃសៅរ៍ ពីក្រុង ស៊ូរ៉ាបាយ៉ា នៃខេត្តជ្វាខាងកើត ឆ្ពោះទៅកាន់ក្រុង បានចាម៉ាស៊ីន ខេត្តកាលីម៉ាន់តាន់ខាងត្បូង នៅពេលជួបគ្រោះអកុសលនេះ ដោយសារអាកាសធាតុអាក្រក់ ដែលមានទឹករលកធំៗ កម្ពស់រហូតដល់ទៅ ៣ម៉ែត្រឯណោះ។

– សម្រាប់ទិដ្ឋភាពដ៏សោកសៅនៅលើគោក, សាច់ញាតិជនរងគ្រោះ បានយំទួញាសោកចំពោះការបាត់បង់ជីវិត មនុស្សជាទីស្រឡាញ់ ខណៈមានខ្លះរង់ចាំនៅផែ និងខ្លះទៀតចាំនៅមន្ទីរពេទ្យ ដើម្បីស្តាប់ដំណឹង ជាមួយក្តីសង្ឃឹមថា អាចរកអ្នកបាត់ខ្លួន ឃើញទាំងនៅមានជីវិត វិលត្រឡប់មកជួបជុំគ្រួសារវិញ។
– ក្នុងប្រតិបត្តិការសង្គ្រោះ ឥណ្ឌូណេស៊ី បានបញ្ជូនកប៉ាល់ និងឧទ្ធម្ភាគចក្រ ជាមួយក្រុមបុគ្គលិកដល់ទៅ ២៨០នាក់ ជាលទ្ធផលជួយបានមនុស្ស ១០៧នាក់ ដោយសុវត្ថិភាព។
– ក្នុងនាមជាប្រទេសសម្បូរទៅដោយប្រជុំកោះ ការធ្វើដំណើរតាមស្រឡាង និងទូក គឺជាមធ្យមបាយដ៏ពេញនិយមសម្រាប់ប្រជាជនឥណ្ឌូណេស៊ី ហើយវាក៏ឧស្សាហ៍ កើតមានគ្រោះថ្នាក់លើផ្ទៃទឹកផងដែរ។
– ជាក់ស្តែង កាលពីខែកក្កដា កប៉ាល់ KM Nurul Salsa បានលិចក្នុងដែនទឹកខាងលិចកោះ ប៉ូឡាស៊ី នៃ ខេត្ត ស៊ូឡាវេស៊ីខាងត្បូង បណ្តាលឲ្យមនុស្ស ៣នាក់ស្លាប់ ខណៈ ១៤នាក់ នៅតែបាត់ខ្លួនមិនទាន់រកឃើញ មកទល់ពេលនេះ។
– ទោះបីជាយ៉ាងណាក៏ដោយ ក្នុងហេតុការណ៍នោះ ក៏មានមនុស្ស ៥៨នាក់ ត្រូវបានសង្គ្រោះជីវិត ឱ្យរួចផុតពីសេចក្តីស្លាប់ផងដែរ៕

