ភ្លៀងមួយមេធំល្ងាចមិញបណ្ដាលស្ទះចរន្ដទឹកហូរ អាជ្ញាធរសង្កាត់ចោមចៅទី៣ ចាត់កម្លាំងចុះប្រមូលសំរាមតាមមាត់លូបញ្ចៀសការជន់លិច

ភ្នំពេញះ – ក្រោយធ្លាក់ភ្លៀងមួយមេធំធ្វេីឲ្យតំបន់មួយចំនួនមានការជន់លិចស្ទះចរន្តទឹកហូរ សំរាមអណ្តែតពាសពេញលេីផ្ទៃទឹកក្នុងប្រឡាយ។ ដោយមានការយកចិត្តទុកដាក់ពីលោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំក្រុមការងារសង្កាត់ កម្លាំងប្រជាការពារ ចុះកាយស្តារសំរាមអមផ្លូវជាតិលេខ៤ និងតាមរ៉ឺហ្គែរមាត់លូ ដែលបង្កឲ្យស្ទះចរន្តទឹកហូរ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣បានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សក់ ច័ន្ធកញ្ញារិទ្ធ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ ឲ្យយកចិត្តទុកដាក់បញ្ហាសណ្តាប់ធ្នាប់ អនាម័យ និងបរិស្ថាន នៅល្ងាចថ្ងៃទី១០​ ខែកញ្ញា​ ឆ្នាំ២០២៦​ ក្រោយភ្លៀងមួយមេធំឃេីញថា នៅតាមប្រឡាយទឹកអមផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃព្រីងជេីង២ សង្កាត់ចោមចៅទី៣ មានសំរាមអណ្តែតពាសពេញលេីផ្ទៃទឹក រួមទាំងតាមមាត់រ៉ឺហ្គែរលូស្ទះចរន្តទឹកហូរយឺតបង្កឲ្យជន់លិចតំបន់មួយចំនួន ទេីបលោកដឹកនាំក្រុមការងារចុះកាយ និងស្តារយកសំរាមទាំងនោះចេញបញ្ចៀសការជន់លិច ក៏ដូចជាឲ្យចរន្តទឹកហូរបានលឿនឆាប់ស្រក។

– ជាមួយគ្នានោះផងដែរ លោកចៅសង្កាត់ក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតំបន់នោះចូលរួមថែរក្សាអនាម័យបរិស្ថាន ទាំងអស់គ្នាចៀសវាងបោះកាកសំណល់ សំរាមចោលតាមមាត់ប្រឡាយទឹក ជាបញ្ហាបង្កឲ្យស្ទះចរន្តទឹកហូរយឺត៕

You might like