អន្តរជាតិះ – ប្រទេសហ្វីលីពីន បានជួបហេតុការណ៍ដ៏រន្ធត់មួយ ដោយសាឡាងផ្ទុកមនុស្ស ១៣៤នាក់ ត្រូវបានអគ្គិភ័យឆាបឆេះ ក្បែរកោះ Palawan ខណៈព័ត៌មានបឋមបានឲ្យដឹងថា មានមនុស្ស ៥នាក់ស្លាប់ ខណៈ ៨៧នាក់ទៀត បាត់ខ្លួន និង ៤២នាក់ត្រូវបានជួយសង្គ្រោះ។
– តាមការផ្សាយរបស់ AFP, ហេតុការណ៍នេះ កើតឡើងកាលពីរាត្រីថ្ងៃពុធ ទី៩ ខែកញ្ញា ឆ្នាំ២០២៦ ពេលស្រឡាង MV June Aster ចាកចេញពីកំពង់ផែក្រុងម៉ានីល ឆ្ពោះទៅកាន់ក្រុង Coron ដោយមានផ្ទុកមនុស្ស ១៣៤នាក់ ក្នុងនោះមានអ្នកដំណើរ ១១៧នាក់ និងបុគ្គលិកនាវិក ១៧នាក់។
– ឆ្មាំសមុទ្រហ្វីលីពីន និយាយថា តួលេខមនុស្សស្លាប់ អាចកើនឡើងជាបន្តទៀត ព្រោះថា នៅមានមនុស្សច្រើនកំពុងបាត់ខ្លួន ខណៈប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ កំពុងបន្តទាំងលំបាក ព្រោះកត្តាអាកាសធាតុ និងទឹករលកធំៗ។
– តាមការឲ្យដឹងពីសាក្សីឃើញផ្ទាល់ភ្នែក, ស្រឡាងនេះ បើកជិតដល់គោកទៅហើយ ពេលគ្រោះអាក្រក់ កើតឡើង ហើយដោយសារវាជិតដល់គោក ទើបក្រុមសង្គ្រោះ អាចទៅជួយមនុស្សបានលឿន។
– ទោះបីជាយ៉ាងណាក៏ដោយ មូលហេតុបង្កជាគ្រោះអគ្គិភ័យនេះ នៅមិនទាន់ត្រូវបានគេប្រាប់ឲ្យដឹង នៅឡើយទេ ប៉ុន្តែការស៊ើបអង្កេត ចាប់ផ្តើមឡើងហើយ។
– សូមជម្រាបថា ប្រទេសដែនកោះមួយនេះ ឧស្សាហ៍កើតមាន គ្រោះថ្នាក់ផ្លូវទឹកណាស់ ព្រោះប្រជាជនហ្វីលីពីន ពេញនិយមធ្វើដំណើរតាមសាឡាង មិនថាការដឹកទំនិញ។
– រម្លឹកទៅឆ្នាំ២០២៣ មនុស្សចំនួន ៣១ នាក់បានបាត់បង់ជីវិត បន្ទាប់ពីអគ្គិភ័យ ឆាបឆេះសាឡាងដឹកអ្នកដំណើរ MV Lady Mary Joy 3 នៅចុងភាគនិរតីប្រទេស៕

