រុស្ស៊ី ប្រាប់ទៅអាមេរិក ថា ឲ្យតែឈប់ផ្តល់ជំនួយឱ្យអ៊ុយក្រែន សង្គ្រាមនឹងចប់ភ្លាម

អន្តរជាតិះ – រឿងរ៉ាវជុំវិញកិច្ចសន្ទនា តាមទូរស័ព្ទរវាងប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ជាមួយសមភាគីអាមេរិក ដូណាល់ ត្រាំ, ជំនួយការវិមានក្រឹមឡាំង លោក Yury Ushakov បានចេញមកនិយាយត្រង់ៗថា មេដឹកនាំទាំងពីរ បានពិភាក្សាគ្នាជាពិសេសលើបញ្ហាសង្គ្រាមអ៊ុយក្រែន ហើយក្នុងនោះ ទីក្រុងមូស្គូ បានប្រាប់ទៅទីក្រុងវ៉ាស៊ីនតោនថា គ្រាន់តែឈប់ផ្តល់ជំនួយទៅ ជម្លោះនោះនឹងបញ្ចប់ភ្លាម។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– កាលពីថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២៦ លោក ពូទីន បានជជែកតាមទូរស័ព្ទជាមួយលោកត្រាំ ប្រមាណជាង ១ម៉ោង ជុំវិញបញ្ហាសង្គ្រាមនេះ ដោយសង្កត់ធ្ងន់ លើការជំរុញកិច្ចខិតខំផ្នែកការទូត ដើម្បីសម្រេចឲ្យបាននូវផែនការមួយ ឈានឆ្ពោះទៅរកសន្តិភាព។

– យ៉ាងណា នៅពេលត្រូវអ្នកកាសែតសួរថា តើទីក្រុងវ៉ាស៊ីនតោន អាចធ្វើអ្វីបានខ្លះ ដើម្បីបញ្ចប់អរិភាពឱ្យបានឆាប់ជាងមុន លោក Ushakov ស្រាប់តែឆ្លើយថា៖ «ជាដំបូង និងសំខាន់បំផុត គឺសហរដ្ឋអាមេរិក ប្រហែលជាត្រូវបញ្ឈប់ ការផ្តល់ជំនួយគ្រប់រូបភាព ទៅឱ្យទីក្រុងកៀវ»។

– ទន្ទឹមនោះ លោកប្រាប់ថា ប្រធានាធិបតីទាំងពីរ ក៏ពិភាក្សាគ្នាអំពីការស្តារឡើងវិញ នូវកិច្ចចរចាជាមួយអ៊ុយក្រែន រួមទាំងតាមរូបមន្តត្រីភាគី ផងដែរ ដែលនឹងមានការចូលរួមពីអ្នកសម្របសម្រួលអាមេរិក។

– ជំនួបតាមទូរស័ព្ទនេះ កើតឡើងបីថ្ងៃ បន្ទាប់ពីប្រេសិតពិសេស របស់លោកត្រាំ គឺលោក Steve Witkoff និង Jared Kushner បានទៅដល់រុស្ស៊ី ជួបជាមួយលោក ពូទីន ដើម្បីពិភាក្សាគ្នា អំពីបញ្ហាសង្គ្រាមអ៊ុយក្រែន។

– តាមការផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ អំឡុងកិច្ចពិភាក្សានៅវិមានក្រឹមឡាំងរយៈពេល ៣ម៉ោងនោះ លោកពូទីន លើកឡើងថា៖ «ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ការប្រាស្រ័យទាក់ទងបែបនេះ គឺពិតជាមានប្រយោជន៍ខ្លាំងណាស់»។

– ទន្ទឹមនោះ ប្រធានាធិបតីរុស្ស៊ី ក៏ថ្លែងអំណរគុណដល់លោក ត្រាំ ផងដែរ ចំពោះកិច្ចខិតខំប្រឹងប្រែងស្វែងរកសន្តិភាព ហើយបង្ហាញក្តីរីករាយ ដែលបានធ្វើការជាមួយក្រុមការងារសហរដ្ឋអាមេរិក។

– ជំនួបនោះ ត្រូវគេដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា ជាពន្លឺដ៏ភ្លឺចិញ្ចាច បំភ្លឺផ្លូវឆ្ពោះទៅរកសន្តិភាព ដែលធ្លាប់តែងងឹត សូន្យសុង រកគោលដៅមិនឃើញ៕

 

You might like