អ៊ីរ៉ង់ អំពាវនាវឲ្យប្រជាជាតិឥស្លាម ទាំងអស់ ក្រោកឈរឡើងសាមគ្គីគ្នា ប្រឆាំងទង្វើឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល

អន្តរជាតិះ – រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានប្រកាសក្តែងៗ អំពាវនាវឲ្យប្រជាជាតិឥស្លាម ទាំងអស់ ត្រូវក្រោកឈរឡើងសាមគ្គីគ្នា ដើម្បីប្រឆាំងនឹងទង្វើឈ្លានពានរបស់អាមេរិក និងអ៊ីស្រាអែល។

– ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយលោក Ismail Ould Cheikh Ahmed ដែលជា អគ្គលេខាធិការ ទើបតែតែងតាំង របស់អង្គការសហប្រតិបត្តិការឥស្លាម (OIC) កាលពីថ្ងៃចន្ទ ទី៧ ខែកញ្ញា ឆ្នាំ២០២៦ និងត្រូវបានដកស្រង់ផ្សាយដោយសារព័ត៌មានរដ្ឋ IRNA, លោក Abbas ថ្លែងថា ការបែកបាក់ផ្ទៃក្នុង មានតែផ្តល់ផលប្រយោជន៍ដល់មហាអំណាចខាងក្រៅប៉ុណ្ណោះ ដូច្នេះហើយ បណ្តារដ្ឋជាសមាជិក OIC ត្រូវតែធ្វើការសម្របសម្រួល លើឥទ្ធិពលទូត និងនយោបាយរបស់ពួកគេ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមសម្តីរបស់លោក Araghchi, ការក្រោកឈរឆ្លើយតបរួមគ្នា គឺជារឿងចាំបាច់បំផុត ដើម្បីដោះស្រាយការរំលោភបំពានលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ អ៊ីរ៉ង់ ក៏ដូចជាប្រតិបត្តិការយោធា ដែលកំពុងបន្តប្រឆាំងនឹងប៉ាឡេស្ទីន និងលីបង់ផងដែរ។ ដូច្នេះ បណ្តាប្រទេសឥស្លាម ត្រូវតែបង្ហាញជំហររួបរួមគ្នាជាធ្លុងមួយ។

– ការអំពាវនាវនេះ កើតឡើងស្របពេលប្រតិបត្តិការរបស់អាមេរិក និងអ៊ីស្រាអែល នៅតែបន្តក្នុងតំបន់មជ្ឈិមបូព៌ា ដោយគ្មានបង្អង់ដៃសោះឡើយ ហើយក្រៅពីនៅអ៊ីរ៉ង់ នៅលីបង់ ឯណោះក៏កំពុងរងគ្រោះធ្ងន់ធ្ងរផងដែរ។

– នៅអ៊ីរ៉ង់ អាមេរិក កំពុងបន្តការវាយប្រហារកាន់តែខ្លាំង ជាពិសេសចុងក្រោយបំផុត គឺការទម្លាក់គ្រាប់បែក ចំពិធីរៀបមង្គលការមួយ ក្នុងទីក្រុង Kuhestak ភាគខាងត្បូង បណ្តាលឲ្យភ្ញៀវចូលរួមស្លាប់ ៤នាក់ និងជិត ៧០នាក់ផ្សេងទៀតរងរបួស ខណៈក្នុងចំណោមអ្នកបាត់បង់ជីវិត ក៏រួមមានទាំងកុមារតូចៗផងដែរ។

– ការវាយប្រហារនោះ ត្រូវរងការថ្កោលទោសជាបន្តបន្ទាប់ ពីសំណាក់អន្តរជាតិ ដ្បិតអាមេរិក មិនទទួលស្គាល់ ហើយប្រាប់ថា កំពុងបើកការស៊ើបអង្កេត ក៏ដោយចុះ។

– ងាកទៅលីបង់ ឯណោះវិញ កងកម្លាំងអ៊ីស្រាអែល ក្រោមការបញ្ជាផ្ទាល់ពីនាយករដ្ឋមន្ត្រី បេនចាមីន ណេតាន់យ៉ាហ៊ូ ក៏កំពុងប្រព្រឹត្តអំពើឃោរឃៅមិនញញើតដៃដែរ ខណៈការ​វាយ​ប្រហារ​តាម​អាកាសចុងក្រោយ ​លើទីក្រុង Kfar Reman ភាគខាងត្បូង ​បានសម្លាប់មនុស្សយ៉ាង​តិច​ ​១០នាក់ រួមទាំងទារក​ម្នាក់ ផងដែរ។

– មុននោះមួយថ្ងៃ មនុស្សយ៉ាងតិច ៧នាក់​ ក៏ត្រូវបានសម្លាប់ និង ២០ នាក់ផ្សេងទៀត​រងរបួសដែរ​​ ​ក្នុងការវាយប្រហារតាមអាកាស លើ​ទីក្រុង Arab Salim ដែលស្ថិតនៅក្បែរនោះ៕

You might like