ស៊ិនធិ ចេញមុខប្រឆាំង អនុទីន និងប្រកាសលើកគ្នាទៅតវ៉ា នៅស្ថានទូតអ៊ីស្រាអែល មិនខ្លាចស្លាប់

អន្តរជាតិះ – ស្ថានការណ៍ក្នុងប្រទេសថៃ កំពុងឡើងកម្តៅខ្លាំង ដោយពេលនេះ ក្រុមជ្រុលនិយម បានចេញមុខប្រឆាំងនាយករដ្ឋមន្ត្រី អនុទីន ដល់ថ្នាក់មេក្រុមលោក ស៊ិនធិ លឹមថងគុល ប្រកាសថា នឹងលើកគ្នាទៅតវ៉ានៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងបាងកក ទោះស្លាប់ក៏មិនខ្លាចដែរ។

– ក្នុងសន្និសីទកាសែត កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ដែលផ្សាយបន្តដោយ The Nation, លោកស៊ិនធិ មិនពេញចិត្តចំពោះចំណាត់ការរបស់នាយករដ្ឋមន្ត្រីអនុទីន ជុំវិញការមិនអើពើបង្ក្រាប «អាជីវកម្មប្រផេះ» របស់ជនបរទេស ជាពិសេសគឺអ៊ីស្រាអែល តែម្តង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមសម្តីរបស់ ស៊ិនធិ, ជនជាតិអ៊ីស្រាអែល ក្នុងចំណោមជនបរទេសផ្សេងទៀត កំពុងបើកអាជីវកម្មមិនស្អាតស្អំ ដោយប្រើប្រាស់ជនជាតិថៃ ជារនាំងពាំងមុខ ប៉ុន្តែរដ្ឋាភិបាលអនុទីន អសកម្មខ្លាំងណាស់ ក្នុងការចាត់វិធានការ ឬដោះស្រាយបញ្ហាទាំងនេះ។

– ដូច្នេះហើយ លោកក៏ចាប់ផ្តើមយុទ្ធនាការ «យកប្រទេសថៃរបស់យើង ត្រឡប់មកវិញ» ដោយនឹងដើរក្បួនទៅតវ៉ានៅស្ថានទូតអ៊ីស្រាអែល និងដាក់ញត្តិនៅទីនោះ នាថ្ងៃទី១០ ខាងមុខ។ លោកប្រកាសថា៖ «បើប្រយុទ្ធដើម្បីដណ្តើមយកប្រទេសថៃ ត្រឡប់មកវិញ ខ្ញុំសុខចិត្តស្លាប់»។

– យ៉ាងណា ទោះមានការលើកឡើងតាមបណ្តាញសង្គមថា នោះអាចជាបាតុកម្មហិង្សាក៏ដោយ ប៉ុន្តែ ស៊ិនធិ បានបដិសេធ ហើយអះអាងថា វាគ្រាន់តែជាការដើរក្បួនតវ៉ា ដោយសន្តិវិធីប៉ុណ្ណោះ។

– បច្ចុប្បន្ន កម្តៅចិត្តជនជាតិថៃ ចំពោះអ៊ីស្រាអែល ហាក់ពុះកញ្ជ្រោលឡើងខ្លាំង ជាក់ស្តែង កាលពីសប្តាហ៍មុន ក្រុមអ្នកជាតិនិយមថៃមួយទៀត ក៏បានប្រមូលផ្តុំគ្នា ធ្វើបាតុកម្មនៅស្ថានទូតអ៊ីស្រាអែល ក្នុងទីក្រុងបាងកកដែរ ដើម្បីជាការតវ៉ា ចំពោះអ្វីដែលពួកគេចោទថា ទេសចរអ៊ីស្រាអែលមួយចំនួន មានចរិតច្រឡើសបើស និងគ្មានការគោរព ពេលមកលេងប្រទេសថៃ។

– បាតុកម្មនោះដឹកនាំដោយលោក Te Acheewa ដែលជាមេចលនា «Thai Mai Thon» ខណៈក្រុមបាតុករ ទាមទារឲ្យឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ចេញលិខិតព្រមាន ដើម្បីទប់ស្កាត់ និងអប់រំពលរដ្ឋរបស់ខ្លួន ឲ្យចេះគោរពច្បាប់ ទំនៀមទម្លាប់ក្នុងស្រុក និងវប្បធម៌នៃប្រទេសថៃ ខ្លះផង៕

 

You might like