ត្រាំ បង្ហោះរូប Ai គំរាមបាញ់កម្ទេចចោល កោះ Kharg របស់អ៊ីរ៉ង់

អន្តរជាតិះ – ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានចេញការព្រមានដល់អ៊ីរ៉ង់ ដោយលោកបានបង្ហោះរូបភាពមួយលើបណ្តាញសង្គម Truth Social គំរាមបាញ់កម្ទេចកោះ Kharg ចោលតែម្តង។

– តាមរយៈការបង្ហោះ កាលពីថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ លោកត្រាំ បានប្រើរូបភាព Ai បង្ហាញពីយន្តហោះចម្បាំងអាមេរិក ហោះសំដៅទៅកោះមួយ ដែលកំពុងរងការបំផ្ទុះយ៉ាងខ្លាំង ហើយនៅផ្នែកខាងលើនៃរូបនោះ ថែមទាំងមានអក្សរសរសេរថា Bye Bye, Kharg «លាហើយកោះ Kharg» ទៀតផង។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ដ្បិតតែមិនលម្អិតអ្វីច្រើននៅក្នុងការបង្ហោះនោះ ប៉ុន្តែគេដឹងយ៉ាងច្បាស់ថា នេះជាសារគំរាមខ្លាំងៗ និងច្បាស់បំផុតរបស់លោក ត្រាំ ទៅអ៊ីរ៉ង់ ស្របពេលកម្តៅស្ថានការណ៍មជ្ឈិមបូព៌ា ចាប់ផ្ទុះឡើងសាជាថ្មី។

– ជាក់ស្តែងការបង្ហោះនេះ កើតឡើងមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកងកម្លាំងអាមេរិក បាញ់ប្រហារកប៉ាល់ដឹកប្រេងអ៊ីរ៉ង់ ចំនួន ៣គ្រឿង ក្នុងនោះ ក៏មានមួយគ្រឿងផងដែរ ដែលស្ថិតនៅក្បែរកោះ Kharg នេះ។

– កោះ Kharg គឺជាកោះយុទ្ធសាស្ត្រ ដ៏សំខាន់មួយរបស់អ៊ីរ៉ង់ ដែលស្ថិតនៅក្នុងឈូងសមុទ្រពែរ្ស និងជាមជ្ឈមណ្ឌលនាំចេញប្រេងឆៅដ៏ធំបំផុត របស់ប្រទេសនេះ ពោលគឺគ្រប់គ្រង និងដំណើរការរហូតដល់ទៅ ៩០% នៃការនាំចេញប្រេងសរុប របស់អ៊ីរ៉ង់ឯណោះ។

– កោះនេះមានផ្ទៃដីប្រមាណ ២០ គីឡូ​ម៉ែត្រការ៉េ ហើយនៅជុំវិញវា មានជម្រៅទឹកជ្រៅខ្លាំង ដែលអនុញ្ញាតឱ្យនាវាដឹកប្រេងខ្នាតយក្ស អាចចូលចត និងផ្ទុកប្រេង បានយ៉ាងងាយស្រួល ខណៈតំបន់ឆ្នេរដីគោករបស់អ៊ីរ៉ង់ភាគច្រើន មានទឹករាក់មិនអាចឱ្យនាវាធំៗចូលចត បានឡើយ។

– អ្វីដែលកាន់តែពិសេសគឺថា កោះនេះ មានបណ្តាញបំពង់បង្ហូរប្រេង និងឃ្លាំងប្រេងដ៏ធំ ដែលអាចផ្ទុកប្រេងបានរហូតដល់ ៣០ លានបារ៉ែល។ ដូច្នេះហើយ ទើបវាក្លាយជាទីតាំងយុទ្ធសាស្រ្តដ៏សំខាន់ ក្នុងសង្គ្រាមអាមេរិក-អ៊ីរ៉ង់ ពេលនេះ៕

 

You might like