អន្តរជាតិះ – ជម្លោះនៅតំបន់មជ្ឈិមបូព៌ា ស្រាប់តែផ្ទុះកក្រើកឡើងវិញ ដោយអាមេរិក-អ៊ីរ៉ង់ បានបាញ់តដៃគ្នា ជាថ្មីរុញសភាពការណ៍ ឈានដល់កម្រិតតានតឹង ហើយចុងក្រោយនេះ កងឆ្មាំបដិវត្តន៍ឥស្លាម (IRGC) ថែមទាំងវាយប្រហារលើកប៉ាល់ដឹកប្រេងអារ៉ាប៊ីសាអូឌីត ក្នុងច្រក Hormuz ទៀត បណ្តាលឲ្យនាវិក ២នាក់ស្លាប់។
– តាមការផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ ទី៣ ខែកញ្ញា ឆ្នាំ២០២៦ កប៉ាល់នោះ មានឈ្មោះ Sidr ជាកម្មសិទ្ធរបស់ក្រុមហ៊ុន Bahri ដែលរងការវាយប្រហារនៅភាគខាងជើងឧបទ្វីប Musandam របស់អូម៉ង់ ស្លាប់នាវិក ២នាក់ជាជនជាតិ ហ្វីលីពីន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ជុំវិញរឿងនេះ អារ៉ាប៊ីសាអូឌីត បានចេញមុខថ្កោលទោសយ៉ាងខ្លាំង ប៉ុន្តែទីក្រុងតេហេរ៉ង់ មិនទាន់ឆ្លើយតបអ្វីទេ គ្រាន់តែបង្ហើបមុននេះថា កប៉ាល់នោះ រួមជាមួយកប៉ាល់មួយទៀត Senegal Prosperity ដែលមានម្ចាស់ជាក្រុមហ៊ុនកូរ៉េខាងត្បូង បានធ្វើដំណើរឆ្លងកាត់ច្រក Hormuz ដោយគ្មានការអនុញ្ញាត ហើយត្រូវចំមីនសមុទ្រ បណ្តាលផ្ទុះឆាបឆេះ។

– រឿងនេះកើតឡើង ស្របពេលអាមេរិក បើកយុទ្ធនាការវាយប្រហារអ៊ីរ៉ង់ សាជាថ្មី ២ថ្ងៃជាប់គ្នា ខណៈរបាយការណ៍ចុងក្រោយ បង្ហាញថា មនុស្ស ១៨នាក់បានបាត់បង់ជីវិត និង ១០៨នាក់ ត្រូវរបួស ក្នុងនោះមានទាំងអ្នកដែលចូលរួមពិធីមង្គលការមួយ ផងដែរ។
– កាលពីថ្ងៃពុធ អាមេរិកបានបាញ់ប្រហារលើទីតាំងនានានៅកោះ Sirik និង Qeshm ព្រមទាំងទីក្រុង Bandar Abbas, Chabahar និង Konarak ចំណែកអាកាសយានដ្ឋានមួយ ក្នុងទីក្រុង Jiroft ក៏រងការទម្លាក់គ្រាប់បែក យ៉ាងដំណំផងដែរ។
– មួយថ្ងៃមុននេះ កងកម្លាំងអាមេរិក ថែមទាំងបញ្ជាដ្រូនទៅទម្លាក់គ្រាប់បែក លើទីតាំងចំនួន២ របស់ IRGC លើកោះ Larak ទៀតផង គោលបំណងកម្ទេចមូលដ្ឋានបាញ់មីស៊ីល។
– ជុំវិញរឿងនេះ អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) លោក Tim Hawkins អះអាងតាំងពីដំបូងថា វាគឺជាការវាយប្រហារបង្ការទុកជាមុន ព្រោះខ្លួនមើលឃើញថា IRGC កំពុងរៀបចំដាក់ពង្រាយមីនសមុទ្រ ចូលទៅច្រក Hormuz ក្នុងបំណង បំផ្ទុះកប៉ាល់ពាណិជ្ជកម្ម៕

