អាមេរិក ផ្លោងគ្រាប់ចំពិធីមង្គលការមួយកន្លែងនៅអ៊ីរ៉ង់ ផ្ដាច់ជីវិតមនុស្ស ៤ នាក់ និង ៥០នាក់របួស

អន្តរជាតិះ- កងកម្លាំងអាមេរិក បានបន្តការវាយប្រហារជាធម្មតាប្រឆាំងនឹងអ៊ីរ៉ង់ កាលពីថ្ងៃអង្គារ។ នេះបើយោងតាមទីបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom)។

– Centcom បានរាយការណ៍ថា ការវាយប្រហាររបស់សហរដ្ឋអាមេរិក កើតឡើងបន្ទាប់ពីការប៉ុនប៉ងវាយប្រហារថ្មីៗដោយកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) ប្រឆាំងនឹងការដឹកជញ្ជូនពាណិជ្ជកម្មនៅក្នុងច្រកសមុទ្រ Hormuz។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ទន្ទឹមនោះ យោងតាមអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ បានឱ្យដឹងថា ពិធីមង្គលការមួយកន្លែងនៅទីក្រុង Sirik ភាគខាងត្បូង ត្រូវបានអាមេរិកវាយប្រហារចំ ដោយសម្លាប់មនុស្ស ៤ នាក់រួមទាំងកុមារម្នាក់ និងជាង ៥០ នាក់បានរងរបួស។

– ជាការឆ្លើយតប អ៊ីរ៉ង់ ក៏បានបើកការវាយប្រហារសងសឹកវិញលើមូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់ និងហ្ស៊កដានី ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងកងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានរាយការណ៍។ លើសពីនេះ ការវាយប្រហារសងសឹកនេះ ក៏ត្រូវបានរាយការណ៍នៅគុយវ៉ែត និងបារ៉ែនផងដែរ។

– ជាមួយគ្នានោះ កងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ IRGC ក៏បានបន្ថែមថា សហរដ្ឋអាមេរិក នឹងសោកស្តាយ ចំពោះការវាយប្រហាររបស់ខ្លួននេះ។ IRGC ដដែល អះអាងថា ខ្លួនបានបាញ់មីស៊ីលផ្លោងជាច្រើនគ្រាប់ទៅលើមូលដ្ឋានកងម៉ារីនអាមេរិកនៅ Aqaba ប្រទេសហ្ស៊កដានី ដើម្បីសងសឹកចំពោះការវាយប្រហារនៅ Sirik ។

– ដោយឡែក កងកម្លាំងប្រដាប់អាវុធហ្ស៊កដានី បានរាយការណ៍ថា ខ្លួនបានស្ទាក់ចាប់មីស៊ីលផ្លោងចំនួន ១៣ គ្រាប់ ដែលក្នុងនោះ ១០ គ្រាប់ត្រូវបានបំផ្លាញចោល ខណៈដែល ៣ គ្រាប់ធ្លាក់នៅតំបន់ដាច់ស្រយាល និងមិនមានអ្នកស្លាប់ ឬរបួស ដោយសារការវាយប្រហារពីអ៊ីរ៉ង់នោះទេ។

– ភាពតានតឹងរវាងភាគីទាំង ២ បានងើបឡើងវិញក្រោយអាមេរិក បើកការវាយប្រហារលើទីតាំងមីស៊ីលអ៊ីរ៉ង់លើកោះឡារ៉ាក់ និងមានការសងសឹកពីសំណាក់កងកម្លាំងក្រុងតេហេរ៉ង់វិញទៅលើមូលដ្ឋានទ័ពនៅហ្ស៊កដានី។

– ការកើនឡើងនៃភាពតានតឹងនេះ ក៏នាំឱ្យតម្លៃប្រេងសកលឡើងថ្លៃផងដែរ ស្របពេលការដឹកជញ្ជូនកាត់តាមច្រក Hormuz មិនទាន់មានការបើកជំហរពេញលេញនៅឡើយទេ។

– ការវាយប្រហារជាថ្មីរបស់អាមេរិកលើកោះឡារ៉ាក់ បានសម្លាប់មនុស្ស ២ នាក់ និងជាច្រើននាក់រងរបួស។ នេះបើយោងតាមការបញ្ជាក់របស់កងកម្លាំងអ៊ីរ៉ង់ (IRGC) ៕

 

You might like