អន្តរជាតិះ – ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានបញ្ឆេះវោហារស័ព្ទយ៉ាងក្តៅគគុកទៀតហើយ ដោយលោកគំរាមវាយអ៊ីរ៉ង់ ឲ្យចាស់ដៃ បន្ទាប់ពីមូលដ្ឋានទ័ពអាមេរិក នៅប្រទេសហ្ស៊កដានី ត្រូវបានកំណត់គោលដៅ ក្នុងការផ្ទុះឡើងនូវភាពតានតឹងថ្មី។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងកិច្ចសម្ភាសតាមទូរស័ព្ទ ជាមួយអ្នកកាសែត Trey Yingst មកពីទូរទស្សន៍ Fox News កាលពីថ្ងៃចន្ទ ទី៣១ ខែសីហា ជុំវិញការវាយប្រហារនៅមជ្ឈិមបូព៌ា ដែលអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នាជាថ្មី, ប្រមុខសេតវិមាន គំរាមទៅអ៊ីរ៉ង់ថា៖ «នឹងមានការឆ្លើយតប! យើងនឹងវាយពួកគេឲ្យចាស់ដៃតែម្តង»។

– យ៉ាងណា ប្រធានាធិបតីអាមេរិក នៅតែបញ្ជាក់ពីការបន្តបើកចំហទ្វារ ចំពោះកិច្ចចរចា ហើយលោកអះអាងថា ពេលនេះ អ៊ីរ៉ង់កំពុងវេទនាខ្លាំងណាស់ ដោយសារតែទណ្ឌកម្មដែលយើងដាក់។
– រឿងនេះកើតឡើង បន្ទាប់ពីអាមេរិក និងអ៊ីរ៉ង់ បើកការវាយប្រហារដាក់គ្នា សាជាថ្មី រុញសភាពការណ៍មជ្ឈិមបូព៌ា ឲ្យតានតឹងឡើងវិញ ក្រោយធូរស្រាលបានប្រមាណ មួយខែប៉ុណ្ណោះ។
– តាមការផ្សាយរបស់ CNN, សហរដ្ឋអាមេរិក បានបញ្ជាដ្រូនទៅទម្លាក់គ្រាប់បែក លើទីតាំងចំនួន២ របស់កងឆ្មាំបដិវត្តន៍ (IRGC) លើកោះ Larak គោលបំណងកម្ទេចមូលដ្ឋានបាញ់មីស៊ីល។
– ជុំវិញរឿងនេះ អ្នកនាំពាក្យទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) លោក Tim Hawkins អះអាងថា វាគឺជាការវាយប្រហារបង្ការទុកជាមុន ព្រោះខ្លួនមើលឃើញថា IRGC កំពុងរៀបចំដាក់ពង្រាយមីនសមុទ្រ ចូលទៅច្រក Hormuz ទៀតហើយ។

– យ៉ាងណា ក្នុងការវាយប្រហារនោះ ត្រូវបានអ៊ីរ៉ង់អះអាងថា បណ្តាលឲ្យទាហាន ព្រមទាំងជនស៊ីវិលរបស់ខ្លួន ជាច្រើននាក់ ស្លាប់និងរបួស។
– មិននៅស្ងៀមឡើយ ទីក្រុងតេហេរ៉ង់ ក៏សងសឹកវិញភ្លាមៗ តាមរយៈការបាញ់ទាំងមីស៊ីលបាលីស្ទិក និងដ្រូន សំដៅលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសហ្សកដានី ដ្បិត CENTCOM អះអាងពីការស្ទាក់ចាប់បានមីស៊ីល និងដ្រូនទាំងអស់នោះក៏ដោយ។
– ក្នុងសេចក្តីថ្លែងការណ៍មួយ IRGC អះអាងថា ប្រតិបត្តិការ ដែលមានឈ្មោះ «ការដាក់ទោសទណ្ឌលើជនឈ្លានពាន» បានកំណត់គោលដៅ វាយប្រហារលើមូលដ្ឋានទ័ព King Hussein និង Al-Azraq ដោយកម្ទេច ទីតាំងបច្ចេកទេស និងកន្លែងជួសជុល ព្រមទាំងឃ្លាំងយន្តហោះចម្បាំងរបស់សត្រូវ ទៀតផង៕

