អន្តរជាតិះ – ការវាយប្រហារជាថ្មីរបស់អាមេរិកលើកោះឡារ៉ាក់ដែលជាទឹកដីអ៊ីរ៉ង់ បានសម្លាប់មនុស្ស ២ នាក់ និងជាច្រើននាក់រងរបួស ខណៈបង្កភាពតានតឹងឡើងវិញជាថ្មីនៅមជ្ឈិមបូព៌ា។ នេះបើយោងតាមការបញ្ជាក់របស់កងកម្លាំងអ៊ីរ៉ង់ (IRGC) ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– IRGC បានបញ្ជាក់ថា ការវាយប្រហារនេះ គឺអាមេរិក ប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ដោយសំដៅលើទីតាំងបាញ់មីស៊ីលខ្លួន ២ កន្លែងលើកោះឡារ៉ាក់។ ទោះជាយ៉ាងណា IRGC ក៏បានអះអាងថា ខ្លួនបានសងសឹករួចរាល់ហើយ ដោយកំណត់គោលដៅលើមូលដ្ឋានទ័ពអាមេរិកនៅហ្ស៊កដានី។

– ទន្ទឹមនឹងការវាយប្រហារ អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក (Centcom) លោក Cdr Tim Hawkins ក៏បានបញ្ជាក់ថា ការវាយប្រហារនេះ កើតឡើង ចំពេលកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) កំពុងរៀបចំបាញ់គ្រាប់រ៉ុក្កែត និងដាក់ពង្រាយមីនឡើងវិញនៅច្រកសមុទ្រ Hormuz ។
– កាលពីប៉ុន្មានថ្ងៃមុន លោក ត្រាំ បានប្រកាសថា ច្រក Hormuz ត្រូវបានដោះមីនអស់ទាំងស្រុងដោយកងកម្លាំងអាមេរិក និងអំពាវនាវឱ្យអ៊ីរ៉ង់ជៀសវាងការដាក់ពង្រាយបន្ថែមឡើងវិញ។
– ជាមួយគ្នានោះ ការងើបឡើងវិញនៃភាពតានតឹងនេះ នាំឱ្យតម្លៃប្រេងសកលមានការហក់ឡើងផងដែរ ដោយប្រេងឆៅ Brent បានកើនឡើង ២.៧៩ ភាគរយ ស្មើនឹង ២.៤៦ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងអាមេរិក West Texas Intermediate (WTI) មានតម្លៃ ២.១៥ ដុល្លារ ឬ ២.៥៩ ភាគរយ ស្មើនឹង ៨៥.៥៥ ដុល្លារ ក្នុងមួយបារ៉ែល៕


