ព្យុះថ្មីពីរទៀតបានកើតបន្ថែម ខណៈព្យុះទី១៨ នៅតែមានឥទ្ធិពលដដែល

ភ្នំពេញះ – ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសនៅល្ងាចថ្ងៃទី២៨សីហាថា មានព្យុះថ្មីចំនួនពីរទៀតបានកើតឡើងបន្ថែម ខណៈដែលព្យុះទី១៨ ឈ្មោះ សូដេល (Saudel) ក៏នៅបន្តមានឥទ្ធិពលនៅឡើយ។ ព្យុះថ្មីពីរនេះ នឹងរួមកម្លាំងជាមួយព្យុះទី១៨ ជះឥទ្ធិពលមកលើកម្ពុជា ដែលនឹងធ្វើឲ្យនៅតាមបណ្ដាខេត្ត និងតំបន់មួយចំនួនអាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– តាមការប្រកាសរបស់ក្រសួងធនធានទឹក ព្យុះដែលទើបកើតថ្មីនេះ គឺព្យុះទី២២ ឈ្មោះ អេតាវ (Etau) T2622 និងព្យុះទី២៣ ឈ្មោះ បាងឡាង (Bang-lang) T2623 ដែលបានកើតឡើងដោយសារការវិវត្តពីសម្ពាធទាបដែលកើតមាននៅលើមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មានឥទ្ធិពលលើរបបខ្យល់មូសុងនិរតីដែលបក់លើឈូងសមុទ្របេងហ្គាល សមុទ្រអាន់ដាម៉ាន់ សមុទ្រចិនខាងត្បូង អាងទន្លេមេគង្គ សមុទ្រកម្ពុជា និងលើព្រះរាជាណាចក្រកម្ពុជា។ តែព្រះរាជាណាចក្រកម្ពុជាពុំស្ថិត នៅក្នុងគន្លងផ្លូវដើររបស់ព្យុះទាំងបីនេះទេ ។

– ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ នឹងធ្វើឱ្យធាតុអាកាស
នៅតំបន់វាលទំនាប មានខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្រប ដណ្តប់លើផ្ទៃដី ៣០%។

– តំបន់ខ្ពង់រាប មានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៤០%។

– តំបន់មាត់សមុទ្រ មានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់ និងផ្គររន្ទះគ្របដណ្តប់លើផ្ទៃដី ៦០%។ រលកសមុទ្របោកបក់ខ្លាំងដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និង កម្ពស់មធ្យមអតិបរមា ១,៧៥ម៉ែត្រ។

យោងលើការព្យាករ ក្រសួងធនធានទឹកប្រកាសឲ្យសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោកនិងផ្លូវទឹក៕

You might like