ម៉ាឡេស៊ី ត្រៀម​បញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ១ ៥០០នាក់ ត្រឡប់ទៅមីយ៉ាន់ម៉ាវិញ

អន្តរជាតិះ – រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាសបញ្ចប់​ដំណាក់កាលទីមួយ នៃកម្មវិធីបញ្ជូនជនភៀសខ្លួនដោយស្ម័គ្រចិត្ត ដែលនឹងតម្រូវឱ្យជនភៀសខ្លួនជាតិដើមមីយ៉ាន់ម៉ាយ៉ាងហោចណាស់ ១ ៥០០នាក់ ធ្វើដំណើរត្រឡប់ទៅមាតុភូមិវិញ នាថ្ងៃទី២៩ ខែកញ្ញានេះ ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– ការបញ្ជូននេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) និងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា កាលពីខែកក្កដា ក្នុងការទទួលយកជនភៀសខ្លួនភាគតិចរ៉ូហ៊ីងយ៉ា (Rohingya) សរុបចំនួន ៥ ០០០នាក់ត្រឡប់ទៅវិញ ដោយប្រតិបត្តិការដឹកជញ្ជូននេះ នឹងត្រូវប្រើប្រាស់នាវាចម្បាំងពីរគ្រឿង និងនាវាពេទ្យមួយគ្រឿងរបស់កងទ័ពជើងទឹកមីយ៉ាន់ម៉ា។

– យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងព័ត៌មានវិទ្យា និងទំនាក់ទំនងម៉ាឡេស៊ី លោក ហ្វាមី ហ្វាឌស៊ីល (Fahmi Fadzil) បានបញ្ជាក់យ៉ាងច្បាស់ថា ម៉ាឡេស៊ីនឹងមិនបង្ខំបញ្ជូនជនភៀសខ្លួនទាំងនោះឡើយ ប្រសិនបើជីវិតរបស់ពួកគេត្រូវប្រឈមនឹងការធ្វើទុក្ខបុកម្នេញ ឬការគំរាមកំហែងនៅពេលត្រឡប់ទៅវិញ ស្របពេលដែលអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានព្រមានថា ស្ថានភាពនៅមីយ៉ាន់ម៉ាក្នុងពេលបច្ចុប្បន្ន មិនទាន់មានសុវត្ថិភាព និងភាពថ្លៃថ្នូរសម្រាប់ឱ្យពួកគេត្រឡប់ទៅវិញនៅឡើយទេ។

– គួរបញ្ជាក់ថា បច្ចុប្បន្ន ម៉ាឡេស៊ីកំពុងផ្តល់ជម្រកដល់ជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោនជាង ២១៥ ០០០នាក់ ដែលបានចុះបញ្ជីជាមួយអង្គការ UNHCR ក្នុងនោះមានជនជាតិភាគតិចរ៉ូហ៊ីងយ៉ាជាង ១២៦ ០០០នាក់ ដែលជាសហគមន៍ជនភៀសខ្លួនធំបំផុតនៅក្នុងប្រទេសនេះ៕

 

You might like