អន្តរជាតិះ – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កើនភាពតានតឹង ក្នុងជម្លោះពាណិជ្ជកម្មជាមួយប្រទេសកាណាដា ដោយបានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិ ដើម្បីប្តូរឈ្មោះ «បឹងអង់តារីយ៉ូ» (Lake Ontario) ទៅជា «បឹងអាមេរិក» (Lake America) សម្រាប់ប្រើប្រាស់ក្នុងប្រព័ន្ធភូមិសាស្ត្រផ្លូវការរបស់រដ្ឋធានីវ៉ាស៊ីនតោន។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– យោងតាមសារព័ត៌មាន The New Daily ការសម្រេចចិត្តកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា នេះ ធ្វើឡើងបន្ទាប់ពីកិច្ចចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានជួបភាពទាល់ច្រក កាលពីសប្តាហ៍មុន ខណៈដែលលោក ត្រាំ បានអះអាងថា លោកបានគិតគូរអំពីការប្តូរឈ្មោះបឹងព្រំដែនមួយនេះជាយូរមកហើយ។ យ៉ាងណាមិញ បទបញ្ជាប្រតិបត្តិនេះ មានប្រសិទ្ធភាពត្រឹមតែលើស្ថាប័នផ្លូវការរបស់អាមេរិកប៉ុណ្ណោះ ដោយមិនអាចបង្ខំឱ្យភាគីកាណាដាផ្លាស់ប្តូរតាមឡើយ។
– ជាការឆ្លើយតប នាយករដ្ឋមន្ត្រីកាណាដា លោក ម៉ាក ខានី (Mark Carney) បានបដិសេធភ្លាមៗចំពោះការប្តូរឈ្មោះនេះ ដោយលោកបានបញ្ជាក់ថា ពាក្យ «អង់តារីយ៉ូ» កើតចេញពីភាសាកុលសម្ព័ន្ធដើម Wendat “Ontari’io” ដែលមានន័យថា «បឹងដ៏ស្រស់ស្អាត និងធំល្វឹងល្វើយ» ហើយឈ្មោះនេះ មានប្រវត្តិដើមយូរលង់ជាងការកកើតប្រទេសកាណាដា និងអាមេរិកទៅទៀត។ លោក ខានី បានសង្កត់ធ្ងន់ថា ទោះបីជាអាមេរិកកំពុងផ្លាស់ប្តូរទំនាក់ទំនងពាណិជ្ជកម្ម គោលនយោបាយការបរទេស ឬឈ្មោះភូមិសាស្ត្រយ៉ាងណាក៏ដោយ ក៏ប្រជាជនកាណាដានៅតែបន្តហៅទីនោះថា «បឹងអង់តារីយ៉ូ» ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
– គួរបញ្ជាក់ថា បឹងអង់តារីយ៉ូ គឺជាបឹងធំមួយក្នុងចំណោមបឹងធំៗទាំងប្រាំ នៅអាមេរិកខាងជើង ដោយផ្ទៃទឹកប្រមាណ ៥២ភាគរយ ស្ថិតក្នុងដែនអធិបតេយ្យរបស់កាណាដា ហើយផ្នែកដែលនៅសល់ស្ថិតក្នុងរដ្ឋញូវយ៉ក ក្រោមសន្ធិសញ្ញាឆ្នាំ១៩០៩។ សកម្មភាពប្តូរឈ្មោះបឹងរបស់លោក ត្រាំ នាពេលនេះ ធ្វើឡើងបន្ទាប់ពីលោកធ្លាប់បានបញ្ជាឱ្យប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក» កាលពីខែមករា ឆ្នាំ២០២៥ កន្លងទៅ ដែលតម្រូវឱ្យទីភ្នាក់ងារឈ្មោះភូមិសាស្ត្រអាមេរិកចំណាយពេលប្រមាណពីរសប្ដាហ៍ ដើម្បីធ្វើបច្ចុប្បន្នភាពឈ្មោះផ្លូវការ៕
