អន្តរជាតិះ – ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហាញការជឿជាក់ថា មេដឹកនាំកំពូលថ្មីរបស់ប្រទេសអ៊ីរ៉ង់ គឺលោកអាយ៉ាតូឡា ម៉ូជតាបា ខាមេនី (Ayatollah Mojtaba Khamenei) នៅតែមានជីវិតនៅឡើយ ដោយបានច្រានចោលរបាយការណ៍ និងការសន្និដ្ឋានរបស់សារព័ត៌មានលោកខាងលិច ដែលថា រូបលោកបានបាត់បង់ជីវិតដោយសាររបួសធ្ងន់ធ្ងរ កាលពីពេលដែលអាមេរិក និងអ៊ីស្រាអែលបើកការវាយប្រហាររួមគ្នាលើអ៊ីរ៉ង់។
– យោងតាមសារព័ត៌មាន USA Today ការលើកឡើងរបស់លោក ត្រាំ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងរបាយការណ៍របស់ទស្សនាវដ្តី The Atlantic ដែលបានរាយការណ៍ថា ក្រុងតេហេរ៉ង់កំពុងតែចលាចល ដោយសារពាក្យចចាមអារ៉ាមពីមរណភាពរបស់មេដឹកនាំរូបនេះ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២៦ ខែសីហា លោក ត្រាំ បានបញ្ជាក់ថា លោក ម៉ូជតាបា ពិតជាបានរងរបួសយ៉ាងធ្ងន់ធ្ងរនៅផ្នែកខាងឆ្វេងនៃរាងកាយ រួមមានដៃ និងជើង ប៉ុន្តែលោកមិនជឿថា មេដឹកនាំរូបនេះស្លាប់នោះទេ។ លោក ត្រាំ បានបន្ថែមថា ក្រុមអ្នកចរចាអ៊ីរ៉ង់តែងតែលើកឡើងអំពីការរង់ចាំការអនុម័ត និងការប្រទានពរចុងក្រោយពីលោក ម៉ូជតាបា ជានិច្ច ដូច្នេះប្រសិនបើរូបលោកស្លាប់មែន នោះភាគីអ៊ីរ៉ង់ប្រហែលជាកំពុង «សម្តែងល្ខោនយ៉ាងល្អ» ហើយ។ គួររំលឹកថា លោក ម៉ូជតាបា វ័យ ៥៦ឆ្នាំ ត្រូវបានជ្រើសរើសជាមេដឹកនាំកំពូលថ្មីកាលពីថ្ងៃទី៨ ខែមនា បន្ទាប់ពីឪពុករបស់លោក គឺលោកអាយ៉ាតូឡា អាលី ខាមេនី ត្រូវបានសម្លាប់ក្នុងការវាយប្រហារផ្លូវអាកាសរបស់អាមេរិក និងអ៊ីស្រាអែល កាលពីចុងខែកុម្ភៈ ប៉ុន្តែរូបលោកមិនដែលបង្ហាញមុខជាសាធារណៈឡើយ ដែលជាហេតុនាំឱ្យមានការសង្ស័យកើតឡើង។
– ស្របពេលជាមួយគ្នានេះ លោក ត្រាំ ក៏បានសម្តែងការអាក់អន់ចិត្ត ចំពោះភាពស្មោះត្រង់របស់ក្រុមអ្នកចរចាអ៊ីរ៉ង់ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាពកាលពីខែមិថុនា បានដួលរលំ ជុំវិញជម្លោះនៅច្រកសមុទ្រ Hormuz។ បច្ចុប្បន្ន រដ្ឋបាលលោក ត្រាំ បានបង្វែរទិសដៅមកផ្តោតលើការដាក់សម្ពាធសេដ្ឋកិច្ចលើក្រុងតេហេរ៉ង់វិញ ដោយរដ្ឋមន្ត្រីក្រសួងរតនាគារ លោក Scott Bessent ទើបតែបានប្រកាសផែនការរៀបចំទណ្ឌកម្មសេដ្ឋកិច្ចបន្ថែមទៀតប្រឆាំងនឹងប្រទេសនេះ៕

