អន្តរជាតិះ – យោងតាមព័ត៌មានទម្លាយដោយទូរទស្សន៍ CBS, មេភ្នាក់ងារចារកម្មអាមេរិក (CIA) លោក John Ratcliffe បានធ្វើដំណើរទៅទីក្រុងមូស្គូ ដោយសម្ងាត់ ដើម្បីជួបជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី ដែលនេះជាជំនួបដ៏កម្របំផុតរវាងមន្ត្រីនៃប្រទេសទាំងពីរ។
– ដំណើររបស់ Ratcliffe មិនមានប្រភពណាមួយប្រកាសជាសាធារណៈឡើយ ប៉ុន្តែគេចាប់បាន ឃើញ យន្តហោះ Boeing C-17A របស់លោក បានទៅដល់អាកាសយានដ្ឋានអន្តរជាតិ Vnukovo ក្នុងរដ្ឋធានីរបស់ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ ទី២៥ ខែសីហា ឆ្នាំ២០២៦។
– គេហទំព័រតាមដានទិន្នន័យជើងហោះហើរ Flightradar24 បង្ហាញថា យន្តហោះដែលលោក Ratcliffe ជិះ បានចាកចេញពីប្រទេសឡេតូនី នៅម៉ោង ៥:៥០នាទីព្រឹក រួចទៅដល់រដ្ឋធានីមូស្គូ នៅម៉ោង ៧:០៤នាទីព្រឹក ហើយក៏វិលត្រឡប់មកទីក្រុង រីហ្គា វិញ មុនម៉ោង ៥ល្ងាច។
– ព័ត៌មាននៃដំណើរទស្សនកិច្ចនេះ ត្រូវបានរុស្ស៊ី និងអាមេរិក លាក់ជិតឈឹង ហើយសេតវិមាន ក៏មិនធ្វើអត្ថាធិប្បាយអ្វីដែរ ពេលភ្នាក់ងារព័ត៌មាន BBC ទាក់ទងទៅ។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– សូមជម្រាបថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូង របស់លោក Ratcliffe ទៅកាន់ទីក្រុងមូស្គូ ក្នុងនាមនាយក CIA ហើយវាកើតឡើង ចំពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងក្តៅ ចំណែកស្ថានការណ៍នៅមជ្ឈិមបូព៌ា ក៏កំពុងតានតឹងខ្លាំង។
– ទោះគ្មានការបង្ហើបពីប្រធានបទ នៃកិច្ចពិភាក្សា ប៉ុន្តែអ្នកជំនាញអន្តរជាតិជឿថា មន្ត្រីរុស្ស៊ី-អាមេរិក គឺជជែកគ្នាអំពីសង្គ្រាមនៅអ៊ុយក្រែន បញ្ហាប្រទេសអ៊ីរ៉ង់ ការដោះដូរអ្នកទោស និងការព្រមានជាមុន អំពីសង្គ្រាមជាមួយអង្គការ ណាតូ៕

