ភ្នំពេញះ – និស្សិតកម្ពុជាចំនួន ៤០រូប ទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ដើម្បីបន្តការសិក្សានៅសាធារណរដ្ឋកូរ៉េ ក្នុងឆ្នាំសិក្សា ២០២៦-២០២៧។
– លោក យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ទាំង ៤០រូប នៅទីស្តីការក្រសួងសុខាភិបាល កាលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– ក្នុងឱកាសជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី លោក យីត ស៊ុនណារ៉ា បានអបអរសាទរចំពោះនិស្សិតជ័យលាភីទាំង ៤០រូប និងបានគូសបញ្ជាក់ថា មូលធនមនុស្ស គឺជាអាទិភាព និងជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ បន្ថែមពីនេះ លោកក៏បានណែនាំឱ្យនិស្សិតយកចិត្តទុកដាក់ចំពោះសុខភាពទាំងផ្លូវកាយ និងផ្លូវចិត្ត និងបានលើកទឹកចិត្តឱ្យនិស្សិតទាំងអស់ខិតខំសិក្សារៀនសូត្រ ឱ្យអស់លទ្ធភាព ដើម្បីក្លាយខ្លួនជាមូលធនមនុស្សដែលមានសមត្ថភាពត្រឡប់មកវិញចូលរួមក្នុងការកសាងប្រទេសជាតិឱ្យរុងរឿង និងសម្រេចនូវចក្ខុវិស័យ ឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល។
– មន្ត្រីជាន់ខ្ពស់រូបនេះ ក៏បានជម្រាបជូននិស្សិតអំពីវឌ្ឍនភាពនៃវិស័យសុខាភិបាល និងសារៈសំខាន់នៃភាពជាអ្នកដឹកនាំរបស់មន្ត្រីគ្រប់កម្រិត ព្រមទាំងការរីកចម្រើនរបស់ប្រទេសកម្ពុជាលើគ្រប់វិស័យ ដែលបានកើតចេញពីសុខសន្តិភាព ដោយសារនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
– លោកបានបន្ថែមថា និស្សិតជ័យលាភីអាហារូបករណ៍ទាំងអស់ មិនត្រឹមតែជាអ្នកទទួលបានឱកាសសិក្សានៅបរទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទូតសុច្ឆន្ទៈរបស់កម្ពុជា ក្នុងការផ្សព្វផ្សាយអំពីអារ្យធម៌ វប្បធម៌របស់ប្រទេសកម្ពុជា ដែលមានយូរលង់ណាស់មកហើយ និងបង្ហាញពីសេចក្តីថ្លៃថ្នូរ ការគោរពវិន័យរបស់ប្រជាជនខ្មែរ ទៅលើឆាកអន្តរជាតិ។
– ក្រោយការជួបសំណេះសំណាល តំណាងនិស្សិតជ័យលាភីទាំងអស់ បានប្តេជ្ញាខិតខំសិក្សារៀនសូត្រ ដើម្បីទទួលយកចំណេះដឹងថ្មីៗ និងត្រឡប់មកវិញចូលរួមក្នុងការកសាងប្រទេសជាតិយើងឱ្យបានរីកចម្រើន និងរុងរឿង៕

