អ៊ីរ៉ង់ អះអាងថា បានរៀបចំសេណារីយ៉ូដើម្បីគេចចេញពីសម្ពាធទណ្ឌកម្មរបស់អាមេរិករួចរាល់អស់ហើយ

អន្តរជាតិះ- យោងតាមអ្នកនាំពាក្យរបស់កងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC អង្គភាពវរជននៃកងទ័ពអ៊ីរ៉ង់) លោក Hossein Mohebi បាននិយាយថា អាជ្ញាធរអ៊ីរ៉ង់ មានផែនការអំពីរបៀបឆ្លើយតបទៅនឹងជំហានអរិភាពនីមួយៗរបស់សហរដ្ឋអាមេរិក និងរបៀបជៀសវាងផលប៉ះពាល់អវិជ្ជមាននៃទណ្ឌកម្មថ្មីរបស់ទីក្រុងវ៉ាស៊ីនតោនផងដែរ។

– លោក បាននិយាយថា បញ្ជារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ស្តីពីការចាប់ផ្តើមសង្គ្រាមសេដ្ឋកិច្ចដ៏លំបាកបំផុតប្រឆាំងនឹងអ៊ីរ៉ង់ បានកើតឡើង ក្រោយការទទួលស្គាល់ដោយស្ងៀមស្ងាត់អំពីបរាជ័យរបស់ទីក្រុងវ៉ាស៊ីនតោននៅលើសមរភូមិយោធា។

សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn

– លោក បានបន្ថែមថា សង្គ្រាមសេដ្ឋកិច្ចរបស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជារឿងថ្មីសម្រាប់ទីក្រុងតេអេរ៉ង់ទេ ដោយបន្ថែមថា សហរដ្ឋអាមេរិកបានធ្វើសង្គ្រាមបែបនេះអស់រយៈពេល ៤៧ ឆ្នាំមកហើយ ហើយបានដាក់ទណ្ឌកម្មលើសសរស្តម្ភទាំងអស់នៃសេដ្ឋកិច្ចអ៊ីរ៉ង់។

– ទន្ទឹមនោះ លោក ក៏បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់ មានផែនការអំពីរបៀបឆ្លើយតបទៅនឹងសកម្មភាពសត្រូវនីមួយៗ។ យើងក៏មានសេណារីយ៉ូមួយអំពីរបៀបជៀសវាងផលប៉ះពាល់អវិជ្ជមាននៃសម្ពាធថ្មី និងបង្កើតទំនាក់ទំនងសេដ្ឋកិច្ចជាមួយប្រទេសផ្សេងៗ ផងដែរ។

– លើសពីនេះ លោក​ បន្តថា សាធារណរដ្ឋ​អ៊ីស្លាម​គ្មាន​កង្វល់​អ្វី​ទាំងអស់​ក្នុង​វិស័យ​សេដ្ឋកិច្ច។ តាម​សម្ដី​របស់​លោក អាជ្ញាធរ​អ៊ីរ៉ង់កំពុង​អភិវឌ្ឍ​ទំនាក់ទំនង​សេដ្ឋកិច្ច​នៅ​ក្រោម​ច្រមុះ​សហរដ្ឋអាមេរិក ដោយ​រំលង​ពួកគេ ហើយ​លទ្ធផល​នឹង​ត្រូវ​បាន​មើល​ឃើញ​នា​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ។

– គួររំលឹកថា លោក ត្រាំ បាន​ប្រកាស​ពី​ការ​ចាប់ផ្តើមសង្គ្រាម​សេដ្ឋកិច្ច និង​ការដាក់ឱ្យសេដ្ឋកិច្ច​ឯកោ​ក្នុង​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន​ពីមុនមកប្រឆាំង​នឹង​អ៊ីរ៉ង់។ មេដឹកនាំ​អាមេរិក​ ក៏បាន​ព្រមាន​ផង​ដែរ​ថា ប្រទេស​ណាដែល​មានស្ថាប័ន​ហិរញ្ញវត្ថុ អាជីវកម្ម ឬ​ភ្នាក់ងារ​រដ្ឋាភិបាល​គាំទ្រ​ទីក្រុង​តេអេរ៉ង់ នឹង​ប្រឈម​មុខ​នឹង​ផលវិបាក​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ពី​ទីក្រុង​វ៉ាស៊ីនតោនដូចគ្នា។

– ជុំវិញផែនការនេះ ក្រសួងការបរទេសអ៊ីរ៉ង់ បានរិះគន់ថាជា «ភេរវកម្មសេដ្ឋកិច្ច និងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ»។ ក្រសួងដដែល បន្តថារដ្ឋបាលអាមេរិក អ្នកដែលបង្កើតផែនការដាក់ទណ្ឌកម្ម និងអ្នកដែលកំពុងអនុវត្តផែនការទាំងនោះ ត្រូវតែទទួលទណ្ឌកម្មសមស្រប ត្រឡប់ទៅវិញ៕

You might like