អន្តរជាតិះ – តម្លៃប្រេងឆៅអន្តរជាតិបានហក់ឡើងទៅក្បែរ ៩០ ដុល្លារ/បារ៉ែលជាថ្មី ក្រោយអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកទាមទារសំណងខូចខាតគ្នាទៅវិញទៅមក ដែលអាចធ្វើឱ្យលទ្ធភាពបើកច្រកហ័រមូហ្សឡើងវិញកាន់តែស្រពេចស្រពិល។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
សូមចុច Subscribe Channel Telegram (KTN)ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
https://t.me/topnewsktn
– តម្លៃប្រេងឆៅ Brent បានកើនឡើង ៤,១៧ ដុល្លារ ឬ ៤,៩៩% ពេលបិទការជួញដូរថ្ងៃចន្ទ ដល់៨៧,៧២ ដុល្លារ/បារ៉ែល ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate (WTI) បានកើនឡើង ៣,៩៥ ដុល្លារ ឬ ៥,០៥% ដល់ ៨២,១៣ ដុល្លារ/បារ៉ែល។
– សម្រាប់ការជួញដូរលើទីផ្សារអាស៊ីនៅព្រឹកថ្ងៃអង្គារ តម្លៃប្រេងទាំង២ បានកើនឡើងបន្តិចទៀត ដោយ Brent ឡើងលើស ៨៨ ដុល្លារ/បារ៉ែល។
– មូលហេតុសំខាន់នៃការឡើងថ្លៃ គឺកំណើននៃភាពមិនច្បាស់លាស់នៃការចរចារវាងអាមេរិក និងអ៊ីរ៉ង់។ អ៊ីរ៉ង់បានទាមទារឱ្យអាមេរិកដកទណ្ឌកម្មលើខ្លួន និងបំពេញលក្ខខណ្ឌមួយចំនួនជាមុនសិន ទើបអាចបើកច្រកសមុទ្រហ័រមូហ្សឡើងវិញ។
– ចំណែកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឯណោះវិញ បានទាមទារឱ្យអ៊ីរ៉ង់បង់សំណងចំពោះការខូចខាត និងមនុស្សដែលសហរដ្ឋអាមេរិកអះអាងថា បានស្លាប់ ឬរងរបួសធ្ងន់ក្នុងសង្គ្រាម ការវាយប្រហារ និងការតវ៉ានានា។ ការទាមទាររបស់ភាគីទាំង២ បានធ្វើឱ្យទីផ្សារមើលឃើញថា កិច្ចព្រមព្រៀងសម្រាប់បើកច្រកហ័រមូហ្សឡើងវិញ អាចចំណាយពេលយូរជាងការរំពឹងទុក។
– លោក ត្រាំ ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកកំពុងគ្រប់គ្រងច្រកហ័រមូហ្ស និងបានបោសសម្អាតមីននៅក្នុងផ្លូវទឹកយុទ្ធសាស្ត្រនេះ។ ទោះជាយ៉ាងណា ការដឹកជញ្ជូនប្រេងតាមច្រកនេះនៅតែរងការរំខានយ៉ាងខ្លាំង។
– ហានិភ័យលើការផ្គត់ផ្គង់ក៏កើនឡើងពីតំបន់ផ្សេងទៀតផងដែរ។ ក្រុមហ៊ូធី ដែលមានទំនាក់ទំនងជាមួយអ៊ីរ៉ង់ បានអះអាងថា ខ្លួនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង Jazan របស់ក្រុមហ៊ុន Saudi Aramco នៅប្រទេសអារ៉ាប៊ីសាអូឌីត។ ក្នុងពេលដំណាលគ្នានោះ ការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់រុស្ស៊ី ក៏បង្កើនការព្រួយបារម្ភអំពីការផ្គត់ផ្គង់ប្រេង និងផលិតផលប្រេងនៅទីផ្សារពិភពលោកផងដែរ។
– ដោយសារកត្តាទាំងនេះ ទីផ្សារប្រេងកំពុងដាក់បញ្ចូល «ហានិភ័យភូមិសាស្ត្រនយោបាយ» កាន់តែខ្ពស់ទៅក្នុងតម្លៃប្រេង ដែលធ្វើឱ្យតម្លៃប្រេងមាននិន្នាការកើនឡើង៕

